ភ្នំពេញ៖អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញភាពស្របច្បាប់ ត្រឹមត្រូវតាមនីតិវិធី ចំណាត់ការរបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លាពីមហាជន និង បណ្តាញសារព័ត៌មាន ថា ការកែប្រែបទល្មើសរបស់លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ពីបទល្មើសលួចមានស្ថានទម្ងន់ទោស មកបទលួចធម្មតា ជាការលើកទឹកចិត្តក្រុមចោរឆក់ ឱ្យមានភាពកាន់តែព្រហើន ។
ថ្មីៗនេះ មានករណីចោរឆក់កាបូបមួយ រហូតធ្វើឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ផងដែរ ។
សេចក្តីថ្លែងការណ៍ ដែលទើបទទួលបាន បញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឆ្លើយតបទៅនឹងសារព័ត៌មាន និង សាធារណមតិ ដែលលើកឡើងអំពីចំណាត់ការនិងការចោទប្រកាន់របស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងព្រហ្មទណ្ឌលេខ៦៦២៨ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានជនសង្ស័យឈ្មោះ ឃឺន រ៉ានិត ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ និង ឈ្មោះ ស៊ិន វិសាល ភេទប្រុស អាយុ១៩ឆ្នាំ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿងពីជនរងគ្រោះឈ្មោះ ប៊ិន គង្គាពិសី នៅចំណុចមុខផ្ទះលេខ១៣ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ទៀតថា ការចោទប្រកាន់និងចំណាត់ការតាមនីតិវិធីនៅក្នុងសំណុំរឿងនេះ ធ្វើឡើងដោយគោរពបទបញ្ញត្តិច្បាប់ជាធរមានយ៉ាងត្រឹមត្រូវក្នុងគោលដៅសម្រេចឱ្យបាននូវការអនុវត្តច្បាប់ និង លុបបំបាត់និទណ្ឌភាព ៕
ដោយ៖ ចេស្តា