គេរាយការណ៍ថា យានដ្ឋានជួសជុលរថយន្តមួយកន្លែងនៅខាងកើតភ្នំជីសូរ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ កំពុងលបលួច កែច្នៃរថយន្តគ្រប់ប្រភេទឲ្យទៅជារថយន្តបែន ។ ការកែច្នៃបំពានច្បាប់របស់យានដ្ឋានជួសជុលរថយន្តខាងលើនេះ បង្កហានិភ័យ ឬគ្រោះថ្នាក់យ៉ាងច្រើនសម្រាប់អ្នកយករថយន្តទៅប្រើប្រាស់ ។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ក៏ដូចជាអាជ្ញាធរស្រុកសំរោង ធ្វើមិនដឹង មិនឮក្នុងរឿងនេះ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជាង គង់ ដែលជាម្ចាស់យានដ្ឋានខាងលើនេះធ្លាប់បានសុំច្បាប់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនក្នុងការបើកយានដ្ឋានកែច្នៃរថយន្តនោះដែរ ប៉ុន្តែច្បាប់ដែលចេញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានអស់សុពលភាពពីរបីឆ្នាំមកហើយ ។ គេមិនឃើញជាង គង់ ទៅបន្តអាជ្ញាប័ណ្ណ ឬច្បាប់ក្នុងការកែច្នៃរថយន្តនោះទៀតទេ ។ ប្រភពអះអាងថា លោកអាងអំណាចថ្នាក់ដឹកនាំស្រុកសំរោង ទើបមិនខ្វល់នឹងស្វែងរកច្បាប់ទម្លាប់ ។
ប្រភពបានឲ្យដឹងទៀតថា យានដ្ឋានកែច្នៃរថយន្តខុសច្បាប់នេះ បើទោះបីជាកាលមុនមានច្បាប់ទម្លាប់ចេញដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវក៏ដោយ ប៉ុន្តែវាគ្រាន់តែជាច្បាប់ចេញដោយសារលុយប៉ុណ្ណោះ មិនមែនជាច្បាប់ដែលបានត្រួតពិនិត្យបទដ្ឋានបច្ចេកទេសត្រឹមត្រូវអ្វីឡើយ ។ ការដែលជាង គង់ មានសិទ្ធិកែច្នៃរថយន្តបែនខុសបច្ចេកទេសដោយខុសច្បាប់បែនេះ គឺរថយន្តទាំងនោះងាយបង្កគ្រោះថ្នាក់ខ្លាំងណាស់ ។
យ៉ាងណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ មិនខ្វល់ចំពោះគ្រោះថ្នាក់ដែលកើតឡើងនោះឡើយ ។ គេរំពឹងថា ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន នឹងពិនិត្យមើលករណីយានដ្ឋានកែច្នៃរថយន្តជាង គង់ នៅខាងកើតភ្នំជីសូរនោះផង ៕