ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនិងចូលរួម មហាសន្និបាតសមាគម អន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំងនៃទីក្រុងប៉ារីសសាធារណៈរដ្ឋបារាំងរយៈពេលជាងមួយសប្តាហ៍នេះ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមការអនុញ្ញាតិពីសម្តេចតេជោហ៊ុន សែន និងសម្តេចក្រឡាឡោម ស ខេង បានមកនូវផ្លែផ្កាមួយចំនួនធំ សម្រាប់ប្រទេសជាតិនិងរាជធានីភ្នំពេញ។
ក្រោយពីបញ្ចប់ដំណើរ ទស្សនកិច្ច វិលត្រឡប់ដល់ អាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ វិច្ឆិកានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងដំណើរ ទស្សនកិច្ច នេះយើងទទួលបានលទ្ធផលជាផ្លែផ្កាចំនួន៤ចំណុច ក្នុងនោះបានទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉ារីស ដែលទទួលដោយ លោកស្រីPauline CARMONA អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេសបារាំង។
ក្នុងនោះលោកស្រី ក៏បានសន្យា បន្តកិច្ចសហប្រតិបត្តិការកម្ពុជា.បារាំង ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងប៉ារីសនិងការសន្យាផ្តល់ជំនួយមករាជធានីភ្នំពេញ។ យើងបានចូលរួមកិច្ចប្រជុំគណៈកម្មការអចិន្រៃ្តយ៏របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៨៨ និងកិច្ចប្រជុំពេញអង្គរបស់ AIMFលើកទី៣៨នៅទីក្រុងលីលប្រទេសបារាំង ដែលមាន ការរួមពីបណ្តាលប្រទេសចំនួន២៩៤ប្រទេស ហើយបានអនុម័តអោយ ការ ប្រជុំរបស់AIMFលើកទី៣៩នៅ ប្រទេសកម្ពុជាឆ្នាំ២០១៩ខាងមុខនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅអាស៊ីអាគ្មេយ៍ មានតែទីក្រុងភ្នំពេញតែមួយគត់ ដែលជាសមាជិកអចិន្រ្តៃយ៍ របស់AIMF ហើយវាមានសារប្រយោជន៍ដើម្បីបង្ហាញទៅដល់ប្រទេសជាង២៨០ ពីភាពរឹងមាំរបស់យើង បង្ហាញពីសក្តានុពល ជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទអង្គរ ប្រាសាទសម្បូរព្រៃគុក ប្រាសាទព្រះវិហារ ដើម្បីទាក់ទាញទេសចរណ៍ ។ល។ ជាពិសេសយើងបានបង្ហាញពីទីក្រុងភ្នំពេញ មានភាពស្រស់ស្អាត សុវត្ថិភាព ទប់ស្កាត់បាននូវអំពើភារវកម្ម ដែល AIMFចង់បាននូវចំណុចទាំងនេះ។ ជាងនេះទៅទៀត ដើម្បីកាត់បន្ថយនូវការបោកប្រាស់របស់អ្នកនយោបាយ ផ្សេងៗ ដែលអ្នកនយោបាយខ្លះបានយកប្រទេសកម្ពុជា ប្រជាជនកម្ពុជា ធ្វើជាចំណាត់ខ្មាំង និងធ្វើការបំផ្លើសការពិតជុំវិញបញ្ហាការអភិវឌ្ឍនៅប្រទេសកម្ពុជា ។ នៅក្នុងយើងបានផ្សព្វផ្សាយនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកន្លងមក គេតែងតែបំផ្លើសការពិត ធ្វើឲ្យមានការភាន់ច្រឡំលើឆាកអន្តរជាតិ។
នេះជាជោគជ័យ និងមោទនភាព របស់យើង ដែលមានសម្តេចតេជោ បានដឹកនាំប្រទេសកម្ពុជា រហូតដល់មានការទទួលស្គាល់លើឆាកអន្តរជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះ បណ្តាប្រទេសលើពិភពលោក មានការកោតសរសើរ ចំពោះការដឹកនាំ របស់សម្តេចតេជោ។
គណៈប្រតិភូបានទៅពិនិត្យនៅទីក្រុងប៉ារីសលើបញ្ហាចរាចរណ៍ក្នុងលក្ខណៈបច្ចេកវិទ្យាខ្ពស់របស់ទីក្រុងប៉ារីស ក្នុងនោះយើងបានស្នើសុំដល់ទីក្រុងប៉ារីស ឲ្យជួយដោះស្រាយបញ្ហាចរាចរណ៍នៅទីក្រុងភ្នំពេញ។ យើងបានជួបជាមួយលោកស្រីPauline CARMONA អនុប្រធានកិច្ចការអាស៊ីនិងអូសេអានី នៃក្រសួងការបរទេសសាធារណរដ្ឋបារាំង ដោយយើងលើកឡើងនូវបញ្ហាមួយចំនួនជូនលោកស្រី ហើយលោកស្រី ក៏បានលើកឡើង ជុំវិញបញ្ហាតម្រាយផ្លូវត្រាន់វ៉េក្នុងជំហានទី៣ នៅកម្ពុជា គឺផ្លូវព្រះមុនីវង្ស ដែលកិច្ចការងារត្រូវធ្វើបន្ថែមលើការងារដឹកជញ្ជូនសាធារណៈ។
ក្នុងនោះដែរ ប្រតិភូបានពិនិត្យទៅលើការកែតម្រូវ រៀបចំសណ្តាប់ធ្នាប់សាធារណៈ ដូចជាការរៀបចំផ្លូវក្នុងទីក្រុងប៉ារីស មានប្រជាជនជាង១២លាននាក់ ហើយកិច្ចការនេះ ត្រូវបានប្រតិភូ ដកស្រង់បទពិសោធន៍ និងយកមកប្រើប្រាស់នៅរាជធានីភ្នំពេញ និងមានសារសំខាន់សម្រាប់ប្រជាជនជាង៣លាននាក់នៅរាជធានីភ្នំពេញ។
លោកបន្តថា ៖ នៅក្នុងជំនួបជាមួយលោកស្រី Anne Hidalgo អភិបាលទីក្រុងប៉ារីស គណៈប្រតិភូបានលើកឡើងដោយស្នើសុំឲ្យមានការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាបញ្ហាបច្ចេកទេសនៅរាជធានីភ្នំពេញ ។ លោកស្រី អភិបាលទីក្រុងប៉ារីស ក៏បានឯកភាពនិងសន្យាថានឹងផ្តល់ជំនួយនេះមកដល់កម្ពុជា។
កន្លងមកនេះ ទីក្រុងភ្នំពេញ ក៏បានទទួលជំនួយសិក្សាបច្ចេកទេស ពីទីក្រុងប៉ារីស ក្នុងការរៀបចំប្លង់មេឆ្នាំ២០៣៥ និងទទួលបាននូវយកចិត្តទុកដាក់ពីជំនួយរបស់ទីក្រុងប៉ារីស ហើយលោកស្រី បានសន្យាថានឹងមកបើកកិច្ចប្រជុំ AIMFនៅទីក្រុងភ្នំពេញ ហើយកិច្ចការនេះ លោកនឹងធ្វើសំណើសុំយោបល់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី លើការប្រារព្ធកិច្ចប្រជុំAIMF ដើម្បីឆ្លងបទពិសោធន៍ និងការចង្អុលបង្ហាញពីសម្តេចតេជោ ធ្វើយ៉ាងណា ដើម្បីឲ្យកិច្ចប្រជុំទទួលបានជោគជ័យទទួលបានកោតសរសើរដល់ទីក្រុងភ្នំពេញ និងជាកិត្តិយសដល់ប្រជាជនខ្មែរ។
ការប្រារព្ធកិច្ចប្រជុំAIMF ដែលទីក្រុងភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនោះ វានឹងផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ ដោយយើងបានបង្ហាញឲ្យអន្តរជាតិមើលឃើញដល់២៩៤ទីក្រុងដែលចូលរួមប្រជុំ ហើយទីក្រុងទាំងនោះពេលត្រឡប់ទៅវិញ ពួកគេនឹងផ្សព្វផ្សាយថាទីក្រុងភ្នំពេញ យ៉ាងម៉េច ដែលរយៈកាលកន្លងមក ពួកគេទទួលបានតែសំឡេងម្ខាង ពីទីក្រុងភ្នំពេញ។
ទីក្រុងពិតរបស់យើងខ្ញុំ មានស្ថិរភាព សន្តិភាព ប្រជាជនមានទឹកមុខសប្បាយរីករាយ ក្នុងការប្រកបមុខរបរអាជីវកម្ម មានជីវភាពធូរធារ និងមានការអភិវឌ្ឍ តាមគម្រោងរបស់សម្តេចតេជោ ។ យើងបង្ហាញពីឧត្តមភាពរបស់ទីក្រុងភ្នំពេញ ដែលក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ទីក្រុងភ្នំពេញ បានងើបឈរឡើងដោយខ្លួនឯង ពង្រឹងដោយខ្លួនឯង និងធ្វើការអភិវឌ្ឍជាជំហានៗ រហូតដល់ទីក្រុងលើពិភពលោកផ្តល់កិត្តិយសឲ្យបើកសម័យប្រជុំពេញអង្គរបស់គណៈអចិន្រ្តៃយ៍ទីក្រុងនិយាយភាសាបារាំង ។
លោកបានបញ្ជាក់ថា ក្រោយកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ទីក្រុងនិយាយភាសាបារាំងចប់ លោក នឹងនាំពួកគាត់ទៅទស្សនកិច្ចនៅអង្គរវត្ត ពួកគាត់បានសម្តែងនូវការសាទរ និងចង់ស្គាល់ណាស់នូវបេតិកភណ្ឌពិភពលោក ជាពិសេសកៀរគរភ្ញៀវទេសចរ មកទស្សនាកម្សាន្តនៅប្រាសាទល្បីៗរបស់កម្ពុជា នាថ្ងៃអនាគត និងជាការសំខាន់មួយទៀតគឺ ពួកគាត់បានឃើញថាកម្ពុជា ពិតជាមានសុខសន្តិភាព មានការអភិវឌ្ឍរីកលូតលាស់ ចំណែកប្រជាជនកម្ពុជា ក៏ចង់បានផងដែរ ដោយពួកគាត់រស់នៅទីក្រុងភ្នំពេញ រស់នៅកម្ពុជា នៅពេលដែលគេនិយាយទីក្រុងភ្នំពេញ អីចេះអីចុះ គឺពួកគាត់មានការអាន់អន់ស្រពន់ចិត្តដែរ ។ ពួកគាត់ ចង់ឲ្យយើងបង្ហាញទៅគេថា នេះជាឧត្តមភាពនៃការដឹកនាំរបស់សម្តេចតេជោ ក្នុងរយៈកាល៤០ឆ្នាំមក ពិតជាមានការរីកលូនលាស់ប្រាកដមែន៕ ដោយ៖ សំរិត
...