លោក ឃួង ស្រេង៖ តាមរយៈមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង រាជធានីភ្នំពេញទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ 

ចែករំលែក៖

ភ្នំពេញ ៖  ក្នុងដំណើរទស្សនកិច្ចផ្លូវការនិងចូលរួម មហាសន្និបាតសមាគម អន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំងនៃទីក្រុងប៉ារីសសាធារណៈរដ្ឋបារាំងរយៈពេលជាងមួយសប្តាហ៍នេះ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោកឃួងស្រេង  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ​ក្រោមការអនុញ្ញាតិពីសម្តេចតេជោហ៊ុន សែន និងសម្តេចក្រឡាឡោម ស ខេង បានមកនូវផ្លែផ្កាមួយចំនួនធំ សម្រាប់ប្រទេសជាតិនិងរាជធានីភ្នំ​ពេញ។

   ក្រោយពីបញ្ចប់ដំណើរ ទស្សនកិច្ច វិលត្រឡប់ដល់ អាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ វិច្ឆិកានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានបញ្ជាក់ថា៖  ក្នុងដំណើរ ទស្សនកិច្ច នេះយើងទទួលបានលទ្ធផលជាផ្លែផ្កាចំនួន៤ចំណុច ក្នុងនោះបានទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉ារីស ដែលទទួលដោយ លោកស្រីPauline CARMONA អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេសបារាំង។

ក្នុងនោះលោកស្រី ក៏បានសន្យា បន្តកិច្ចសហប្រតិបត្តិការកម្ពុជា.បារាំង ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងប៉ារីសនិងការសន្យាផ្តល់ជំនួយមករាជធានីភ្នំពេញ។ យើងបានចូលរួមកិច្ចប្រជុំគណៈកម្មការអចិន្រៃ្តយ៏របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៨៨ និងកិច្ចប្រជុំពេញអង្គរបស់ AIMFលើកទី៣៨នៅទីក្រុងលីលប្រទេសបារាំង ដែលមាន ការរួមពីបណ្តាលប្រទេសចំនួន២៩៤ប្រទេស ហើយបានអនុម័តអោយ ការ ប្រជុំរបស់AIMFលើកទី៣៩នៅ ប្រទេសកម្ពុជាឆ្នាំ២០១៩ខាងមុខនេះ។

   លោក ឃួង ស្រេង បានបញ្ជាក់ថា៖  នៅអាស៊ីអាគ្មេយ៍ មានតែទីក្រុងភ្នំពេញតែមួយគត់ ដែលជាសមាជិក​អចិន្រ្តៃយ៍​ របស់AIMF ហើយវាមានសារប្រយោជន៍ដើម្បីបង្ហាញទៅដល់ប្រទេសជាង២៨០ ពីភាពរឹងមាំរបស់យើង បង្ហាញពីសក្តានុពល ជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ  បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទអង្គរ ប្រាសាទសម្បូរព្រៃគុក ប្រាសាទព្រះវិហារ ដើម្បីទាក់ទាញទេសចរណ៍ ។ល។ ជាពិសេសយើងបានបង្ហាញពីទីក្រុងភ្នំពេញ មានភាពស្រស់ស្អាត សុវត្ថិភាព ទប់ស្កាត់បាននូវអំពើភារវកម្ម ដែល AIMFចង់បាននូវចំណុចទាំងនេះ។ ជាងនេះទៅទៀត ដើម្បីកាត់បន្ថយនូវការបោកប្រាស់របស់អ្នកនយោបាយ ផ្សេងៗ ដែលអ្នកនយោ​បាយខ្លះបានយកប្រទេសកម្ពុជា ប្រជាជនកម្ពុជា ធ្វើជាចំណាត់ខ្មាំង  និងធ្វើការបំផ្លើសការពិតជុំវិញបញ្ហាការអភិវឌ្ឍនៅប្រទេសកម្ពុជា  ។ នៅក្នុងយើងបានផ្សព្វផ្សាយនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកន្លងមក គេតែងតែបំផ្លើសការពិត ធ្វើឲ្យមានការភាន់ច្រឡំលើឆាកអន្តរជាតិ។

   នេះជាជោគជ័យ និងមោទនភាព របស់យើង ដែលមានសម្តេចតេជោ បានដឹកនាំប្រទេសកម្ពុជា រហូតដល់មានការទទួលស្គាល់លើឆាកអន្តរជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះ បណ្តាប្រទេសលើពិភពលោក មានការកោតសរសើរ ចំពោះការដឹកនាំ របស់សម្តេចតេជោ។

គណៈប្រតិភូបានទៅពិនិត្យនៅទីក្រុងប៉ារីសលើបញ្ហាចរាចរណ៍ក្នុងលក្ខណៈបច្ចេកវិទ្យាខ្ពស់របស់ទីក្រុងប៉ារីស ក្នុងនោះយើងបានស្នើសុំដល់ទីក្រុងប៉ារីស ឲ្យជួយដោះស្រាយបញ្ហាចរាចរណ៍នៅទីក្រុងភ្នំពេញ។ យើងបានជួបជា​មួយលោកស្រីPauline CARMONA អនុប្រធានកិច្ចការអាស៊ីនិងអូសេអានី នៃក្រសួងការបរទេសសាធារណ​រដ្ឋបារាំង ដោយយើងលើកឡើងនូវបញ្ហាមួយចំនួនជូនលោកស្រី ហើយលោកស្រី ក៏បានលើកឡើង ជុំវិញបញ្ហាតម្រាយផ្លូវត្រាន់វ៉េក្នុងជំហានទី៣ នៅកម្ពុជា គឺផ្លូវព្រះមុនីវង្ស ដែលកិច្ចការងារត្រូវធ្វើបន្ថែមលើការងារដឹកជញ្ជូនសាធារណៈ។

ក្នុងនោះដែរ ប្រតិភូបានពិនិត្យទៅលើការកែតម្រូវ រៀបចំសណ្តាប់ធ្នាប់សាធារណៈ ដូចជាការរៀបចំផ្លូវក្នុងទីក្រុងប៉ារីស មានប្រជាជនជាង១២លាននាក់ ហើយកិច្ចការនេះ ត្រូវបានប្រតិភូ ដកស្រង់បទពិសោធន៍ និងយកមកប្រើប្រាស់នៅរាជធានីភ្នំពេញ និងមានសារសំខាន់សម្រាប់ប្រជាជនជាង៣លាននាក់នៅរាជធានីភ្នំពេញ។

   លោកបន្តថា ៖ នៅក្នុងជំនួបជាមួយលោកស្រី Anne Hidalgo អភិបាលទីក្រុងប៉ារីស គណៈប្រតិភូបានលើកឡើងដោយស្នើសុំឲ្យមានការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាបញ្ហាបច្ចេកទេសនៅរាជធានីភ្នំពេញ ។ លោកស្រី អភិបាលទីក្រុងប៉ារីស ក៏បានឯកភាពនិងសន្យាថានឹងផ្តល់ជំនួយនេះមកដល់កម្ពុជា។

កន្លងមកនេះ  ទីក្រុងភ្នំពេញ ក៏បានទទួលជំនួយសិក្សាបច្ចេកទេស  ពីទីក្រុងប៉ារីស ក្នុងការរៀបចំប្លង់មេឆ្នាំ២០៣៥ និងទទួលបាននូវយកចិត្តទុកដាក់ពីជំនួយរបស់ទីក្រុងប៉ារីស ហើយលោកស្រី បានសន្យាថានឹង​មកបើកកិច្ចប្រជុំ AIMFនៅទីក្រុងភ្នំពេញ ហើយកិច្ចការនេះ លោកនឹងធ្វើសំណើសុំយោបល់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី លើការប្រារព្ធកិច្ចប្រជុំAIMF ដើម្បីឆ្លងបទពិសោធន៍ និងការចង្អុលបង្ហាញពីសម្តេចតេជោ ធ្វើយ៉ាងណា ដើម្បីឲ្យកិច្ចប្រជុំទទួលបានជោគជ័យទទួលបានកោតសរសើរដល់ទីក្រុងភ្នំពេញ និងជាកិត្តិយសដល់ប្រជាជនខ្មែរ។

   ការប្រារព្ធកិច្ចប្រជុំAIMF ដែលទីក្រុងភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនោះ វានឹងផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ ដោយយើងបានបង្ហាញឲ្យអន្តរជាតិមើលឃើញដល់២៩៤ទីក្រុងដែលចូលរួមប្រជុំ ហើយទីក្រុងទាំងនោះពេលត្រឡប់ទៅវិញ ពួកគេនឹងផ្សព្វផ្សាយថាទីក្រុងភ្នំពេញ យ៉ាងម៉េច  ដែលរយៈកាលកន្លងមក ពួកគេទទួលបានតែសំឡេងម្ខាង ពីទីក្រុងភ្នំពេញ។

ទីក្រុងពិតរបស់យើងខ្ញុំ មានស្ថិរភាព សន្តិភាព ប្រជាជនមានទឹកមុខសប្បាយរីករាយ ក្នុងការប្រកបមុខរបរអាជីវកម្ម មានជីវភាពធូរធារ និងមានការអភិវឌ្ឍ តាមគម្រោងរបស់សម្តេចតេជោ ។  យើងបង្ហាញពីឧត្តមភាពរបស់ទីក្រុងភ្នំពេញ ដែលក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ទីក្រុងភ្នំពេញ បានងើបឈរឡើងដោយខ្លួនឯង ពង្រឹងដោយខ្លួនឯង និងធ្វើការអភិវឌ្ឍជាជំហានៗ រហូតដល់ទីក្រុងលើពិភពលោកផ្តល់កិត្តិយសឲ្យបើកសម័យប្រជុំពេញអង្គរបស់គណៈអចិន្រ្តៃយ៍ទីក្រុងនិយាយភាសាបារាំង ។

លោកបានបញ្ជាក់ថា   ក្រោយកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ទីក្រុងនិយាយភាសាបារាំងចប់ លោក នឹងនាំពួកគាត់ទៅទស្សនកិច្ចនៅអង្គរវត្ត ពួកគាត់បានសម្តែងនូវការសាទរ និងចង់ស្គាល់ណាស់នូវបេតិកភណ្ឌពិភពលោក ជាពិសេសកៀរគរភ្ញៀវទេសចរ មកទស្សនាកម្សាន្តនៅប្រាសាទល្បីៗរបស់កម្ពុជា នាថ្ងៃអនាគត និងជាការសំខាន់មួយទៀតគឺ ពួកគាត់បានឃើញថាកម្ពុជា ពិតជាមានសុខសន្តិភាព មានការអភិវឌ្ឍរីកលូតលាស់ ចំណែកប្រជា​ជនកម្ពុជា ក៏ចង់បានផងដែរ ដោយពួកគាត់រស់នៅទីក្រុងភ្នំពេញ រស់នៅកម្ពុជា នៅពេលដែលគេនិយាយទីក្រុងភ្នំពេញ អីចេះអីចុះ គឺពួកគាត់មានការអាន់អន់ស្រពន់ចិត្តដែរ ។ ពួកគាត់ ចង់ឲ្យយើងបង្ហាញទៅគេថា នេះជាឧត្តមភាពនៃការដឹកនាំរបស់សម្តេចតេជោ ក្នុងរយៈកាល៤០ឆ្នាំមក ពិតជាមានការរីកលូនលាស់ប្រាកដមែន៕ ដោយ៖  សំរិត

image1.jpegimage2.jpegimage3.jpegimage4.jpegimage5.jpeg

image6.jpegimage7.jpeg

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print