ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបានបើករថយន្តមួយគ្រឿងម៉ាក កូរ៉ូឡាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបាន ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូងបាក់អស់ចំនួន ២កង់ ហើយព្យាយាមបើករត់គេចរហូតដល់ខាងកើតស្តុបវត្តមហាមន្ត្រីទើបសមត្ថកិច្ចដេញតាមឃាត់បានយកមកធ្វើការដោះស្រាយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវនេរុហ្ស កែងផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺមានរថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-7981 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ហើយបើកក្នុងល្បឿនលឿនដោយធ្វើដំណើរតាមបណ្ដោយផ្លូវនេរុហ្ស ទិសដៅពីត្បួងទៅជើង ខណៈពេលដែលមកដល់ចំណុចកើតហេតុស្រាប់ តែរ៉េចង្កូតមកបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីគ្នាចំនួន២កង់ ហើយរថយន្តបង្កបានបន្ថែមល្បឿនបើករត់រហូតដល់ផ្លវព្រះសីហនុខាងកើតស្តុបវត្តមហាមន្ត្រីប្រហែល១០០ម៉ែត្រ ក៏ត្រូវបានសម្ថកិច្ចដេញឃាត់បានទាំងម្ចាស់និងថយន្តបង្កតែម្ដង ។
សមត្ថកិច្ចប្រាប់ថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍មានសភាពស្រវឹងស្រា បើកបរលឿនមិនប្រយ័ត្ននិងមិនមានភាពទទួលខុសត្រូវក្រោយពេលជួបគ្រោះថ្នាក់ បាត់បង់ម្ចាស់ការថែមទាំងមិនទទួលកំហុសនៅចំពោះមុខច្បាប់ពេលបានប្រព្រឹត្តិខុស បើករថយន្តគេចខ្លួនថែមទៀត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងមន្ត្រីជំនាញបានធ្វើការវាស់វែងយករថយន្តបង្កនិងម្ចាស់ទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ ព្រែកជ័យ