ខេត្តកំពង់ឆ្នាំង៖ កម្មការនីចំនួន៤៧នាក់បានរងរបួសធ្ងន់និងស្រាល ត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅ គ្លីនីកឯកជន ក្រោយពីរថយន្តដឹកកម្មការនីនេះបានដាច់រ៉ូទីលចង្កូតរេធ្លាក់ប្រឡាយ ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបររថយន្តដឹកកម្មការនីនេះ មានឈ្មោះសុន ហុន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ពុំមានប័ណ្ណបើកបរនោះទេ គឺរៀនចេះតៗគ្នា ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុរថយន្ត អ្នកបើកបរថយន្ត យករថយន្តរបស់ខ្លួន ដែលជារថយន្តកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ ៣B-១៣០២ បានដឹកកម្មការនីចំនួន៤៧នាក់ ត្រឡប់មកពីធ្វើការ ហើយនៅពេលមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានដាច់រ៉ូទីលចង្កូត ក៍រេធ្លាក់ប្រឡាយតែម្តង បណ្តាលអោយកម្មការនីទាំងអស់នៅក្នុងរថយន្តភ័យស្លន់ អ្នកខ្លះហក់ពីលើរថយន្តបណ្តាលអោយរងរបួសធ្ងន់ស្រាលតែម្តង ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់គ្លីនីកឯកជន ដែលចុះកិច្ចសន្យាជាមួយ បេឡាជាតិរបបសន្ថិសុខសង្គម បានមកដឹកកម្មការនីភ្លាមៗផងដែរ ។
នៅពេលនេះសមត្ថកិច្ចនគរបាលមូលដ្ឋាន កំពុងកសាងសុំណុំរឿងបញ្ជូនអ្នកបើកបរ និង រថយន្តមកការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការអនុវតបន្តតាមនីតិវធីនៃច្បាប់ ។
គួរបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ កម្មការនី មានសភាពធូស្បើយខ្លះហើយ គ្រូពេទ្យកំពុងតាមដានស្ថានភាពជំងឺបន្តទៀត៕
ដោយ៖ ចន្ថា