ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ៤ដើម ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីយុវជនម្នាក់ក្នុងចំណោមមិត្តភ័ក្ត្រប្រុសស្រី៦នាក់ បានសម្រេច និងបណ្ដាលឲ្យយុវជនម្នាក់របួសរយ៉ះដៃតិចតួច ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើង
កាលពីម៉ោងជិត១រំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្បែរសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់-
ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហេង ហម អាយុ១៩ឆ្នាំ មុខរបប ជាងអគ្គិសនី ស្នាក់នៅកន្លែងធ្វើការក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិផ្ទះកណ្ដាល ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ម៉ូតូដែលប្លន់យកទៅម៉ាកហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC-2306។
ប្រភពពត៌មានពីមិត្តភ័ក្ត្រជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៦នាក់ ព្រមទាំងជនរងគ្រោះ បានជិះម៉ូតូ២គ្រឿងឌុបគ្នាមកពីម្ដុំទឹកថ្លា ហើយមកអង្គុយលេងនៅកន្លែងកើតហេតុ ។
ខណះមកដល់ចំណុចកើតហេតុអង្គុយលេងបានមួយសន្ទុះ ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឡេត មិនចាំស្លាកលេខ និងប្រដាប់ដោយដាវសាំមរ៉ៃ៤ដើម មកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់ ក្នុងចំណោមគ្នីគ្នា៦នាក់ បណ្ដាលឲ្យត្រូវចំដៃហូរឈាម តែមិនធ្ងន់ធ្ងរ ធ្វើឲ្យក្រុមជនរងគ្រោះនាំគ្នារត់ចេញពីកន្លែងកើតហេតុទាំងភ័យស្លន់ស្លោ និងមិនដកសោរម៉ូតូមួយគ្រឿង ដែលជាឱកាសល្អធ្វើឲ្យក្រុមជនសង្ស័យទាំងនោះយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលជ្រោយចង្វា ដើម្បីឲ្យសមត្ថកិច្ចតាមដានមុខសញ្ញា និងចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ជ្រោយពេជ្រ