ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥នេះ បន្តសវនាការសំណុំរឿងសម្លាប់សង្សារជានិស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យហើយយកសពទម្លាក់ក្នុងទឹកទន្លេ ។ សវនាការនេះដឹកនាំដោយលោកវ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីសវនាការ ថ្ងៃទី៣០ ខែតុលា កន្លងទៅសាក្សីមួយចំនួនបានព្យាយាមឆ្លើយដោះបន្ទុកដល់បុរសម្នាក់ជាប់ចោទក្នុងសំណុំរឿងនេះ ។
សាក្សីទាំងនោះបញ្ជាក់ប្រហាក់ប្រហែលគ្នាប្រាប់តុលាការ ថានៅមុនថ្ងៃកើតហេតុ និង ថ្ងៃកើតហេតុ ឈ្មោះ ហុង កាលីឌីនបានស្ថិតនៅជួបជុំគ្នា ពោលគឺមានវត្តមានរហូត សបញ្ជាក់ឱ្យឃើញថាឈ្មោះ ហុង កាលីឌីន ពុំបានសម្លាប់នារីឈ្មោះ សុង ដាវិន នោះទេ ទោះបីយ៉ាងណា សវនាការនេះ គឺគ្រាន់តែចាប់ផ្តើមសាកសួរសាក្សីប៉ុណ្ណោះ ហើយលទ្ធផលក៏ពុំទាន់ដឹងនោះដែរ ជនជាប់ចោទឈ្មោះ ហុង កាលីឌីន អាយុ២៨ឆ្នាំ រស់នៅផ្ទះលេខ១០៤ ផ្លូវលេខ៤៣០សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរអចិន្ត្រៃយ៍ជាងជួសជុលកុំព្យូទ័រនិង ជាមន្ត្រីនគរបាលទើបប្រលងជាប់ត្រូវបានតុលាការចោទប្រកាន់ ចំនួន ៣បទល្មើស គឺ បទឃាតកម្មបទប្រើប្រាស់គ្រឿងញៀន និង បទកាន់កាប់ អាវុធខុសច្បាប់ ។
ជនជាប់ចោទហុង កាលីឌីន ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្នុងហាងកាហ្វេដាលីន តាមបណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិតខណ្ឌ៧មករា បន្ទាប់ពីសាកសពនារី រងគ្រោះឈ្មោះ សុង ដាវិនត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី០៧ខែតុលា ឆ្នាំ២០១៤ មុខបឋមសិក្សាជ្រោយចង្វា ។
គួររំលឹកថាស្ត្រីវ័យក្មេងម្នាក់ត្រូវបានឃាតករមិនស្គាល់មុខរំលោភរួចធ្វើទារុណកម្មជាំពេញខ្លួនប្រាណរហូតដល់ស្លាប់ហើយដឹកសពយកទៅទម្លាក់ចោលនៅក្នុងទឹកទន្លេមុខសាលាបឋមសិក្សាជ្រោយចង្វាខាងត្បូងស្ពានជ្រោយចង្វាប្រហែលកន្លះគីឡូម៉ែត្រស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលទ្បើងកាលពីម៉ោងប្រមាណ៦ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅហាត់ប្រាណប្រទះឃើញសពអណ្ដែតទឹក ៕
ដោយ៖ ព្រែកជ័យ