https://www.youtube.com/watch?v=Q-SC2say8dE
ភ្នំពេញ៖ភាពយន្តខ្លីរឿង”វិប្បដិសារី” របស់តារាសម្តែង សុខ ដែន បានដាក់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មហោស្រពជាតិលើទី២កាលពីប៉ុន្មានថ្ងៃមុននេះ។ ទោះមិនទទួលបានជ័យលាភីប៉ុន្តែភាពយន្តនេះទទួលបានការកោតសរសើរច្រើនពីអ្នកទស្សនាព្រោះតែបង្កប់ដោយអត្ថន័យអប់រំ។
តារាសម្ដែងល្បីខាងក្បាច់គុណ និងបានអភិវឌ្ឍខ្លួន ក្លាយជាអ្នកដឹកនាំ សម្ដែងរឿងវ័យក្មេង លោក សុខ ដែន ថ្មីៗនេះ លោកបានបញ្ចេញខ្សែសាច់រឿងខ្លីមួយ បែបអប់រំ ដែលមានចំណងជើងថា «វិប្បដិសារី» ដើម្បីធ្វើការប្រកួតប្រជែង ក្នុងកម្មវិធីមហោស្រពភាពយន្តខ្នាតខ្លីថ្នាក់ជាតិលើកទី២ ដោយទទួលបានការចាប់អារម្មណ៍ បើទោះបីជារឿងនេះ ពុំទទួលបានជយលាភីក្ដី។
យ៉ាងណាមិញ ទោះបីជាវីដេអូអប់រំខ្លី របស់លោក សុខ ដែន ដែលមានចំណងជើងថា «វិប្បដិសារី» មិនទទួលបានពានរង្វាន់ក្ដី តែគេក៏នៅតែសង្កេតឃើញថា វីដេអូមួយនេះ បង្កប់ទៅដោយអត្ថន័យអប់រំខ្ពស់ ដែលធ្វើឲ្យមានការគាំទ្រខ្លាំង។លោក សុខ ដែនបញ្ជាក់ថាភាពយន្តនេះ គឺនិយាយពីជីវិតបុរសក្រីក្រម្នាក់ ដែលទទួលបានការមើលងាយ ស្អប់ខ្ពើម និងមិនឲ្យតម្លៃ ពីសំណាក់មនុស្សមួយចំនួន ថាជាក្មេងបាតសង្គម ទាំងដែលបុរសក្រីក្រម្នាក់នោះជាមនុស្សល្អ ចេះជួយទុក្ខធុរៈអ្នកដទៃ។ ចុងក្រោយ នៃសាច់រឿងទាំងមូល បញ្ចប់ទៅដោយការសោកស្ដាយ និងមានវិប្បដិសារី ចំពោះការបាត់បង់បុរសម្នាក់នោះ។
លោកបន្តថាតម្លៃអប់រំក្នុងសាច់រឿងមួយនេះ គឺចង់សម្ដៅលើមនុស្ស សូមកុំឆាប់វាយតម្លៃមនុស្ស ត្រឹមតែសំបកក្រៅ ជាពិសេសនោះ គឺត្រូវគិតឲ្យច្បាស់មុននឹង សម្រេចចិត្តធ្វើអ្វីមួយ កុំឲ្យមានវិប្បដិសារីនៅថ្ងៃក្រោយ។ ចុងក្រោយនៃ សាច់រឿងទាំងមូល ត្រូវបានបញ្ចប់ទៅដោយការសោកស្ដាយ និងការមានវិប្បសារី ពេញមួយជីវិត ព្រោះតែការគិតខុស របស់មនុស្ស និងការសន្និដ្ឋានខុស។
ទោះមិនទាន់ទទួលបានលទ្ធផលល្អ ក្តីក៏តារារូបនេះនៅតែចិញ្ចឹមចិត្តបន្តការខិតខំប្រឹងប្រែងលើការដឹកនាំ និងផលិតភាពយន្តខ្លីជាថ្មីបន្តទៀតនៅឆ្នាំខាងមុខដែលលោករំពឹងថានឹងជួបស្ថានភាពល្អប្រសើរមួយ៕ ដោយ វឌ្ឍនា