ខេត្តកំពង់ឆ្នាំង៖ ប្រធានសន្តិសុខនៅក្លឹបកំសាន្ត S H ដែលមានឈ្មោះ ជាប៊ុនធឿន រងការចោទប្រកាន់ថាបានវាយដំទាត់ធាក់ ទះកំភ្លៀង ទៅលើនារីខារាអូខេម្នាក់ធ្វើការក្នុងក្លឹបខាងលើ រហូតដល់បាក់ធ្មេញ និងចេញឈាមតាមច្រមុះ និងមាត់ រងរបួសយ៉ាងដំណំ ក្រោយពីរូបនាងបានឈ្លោះប្រកែកជាមួយភ្ញៀវម្នាក់ដែលនាងបានអង្គុយកំដរក្នុងក្លឹបរួចមក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង០៨នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតមុខក្លឹបកំសាន្តSH ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
តាមសាក្សីជាភ្ញៀវដែលទៅកំសាន្ត និងនារីខារាអូខេនៅក្លឹបរាត្រីនេះបានអះអាងថា នៅវេលាម៉ោងកើតហេតុខាងលើ ពួកគេបានឃើញសន្តិសុខជាច្រើននាក់ និងឈ្មោះ ជា ប៊ុនធឿន បានអូសនារីខារាអូខេរងគ្រោះចេញមកក្រៅ ហើយឈ្មោះ ជា ប៊ុនធឿន បានវាយទះតប់ទៅលើនារីរងគ្រោះឈ្មោះ ស្រស់ នៅក្នុងបរិវេណខាងមុខក្លឹបជាច្រើនដៃធ្វើអោយនាងបាក់ធ្មេញ និងចេញឈាមតាមច្រមុះ និងមាត់។
ដោយឡែកឈ្មោះ ជា ប៊ុនធឿន ជាប្រធានសន្តិសុខនៅក្នុងក្លឹបកំសាន្តនោះ បានបំភ្លឺអោយដឹងថា នៅវេលានោះ គាត់និងកូនចៅប្រមាណពី៥ទៅ៦នាក់បានអូសនារីឈ្មោះ ស្រស់ នោះចេញមកខាងក្រៅពិតមែន បន្ទាប់ពីនាងបានឈ្លោះជាមួយភ្ញៀវប្រុសម្នាក់នៅក្នុងក្លឹប តែមិនបានវាយទះតប់ទៅលើរូបនាងដូចការចោទប្រកាន់ឡើយ។
តែទោះជាមានការបំភ្លឺពីប្រធានសន្តិសុខក្លឹបយ៉ាងនេះក្តី ក៏នារីខារាអូខេជាច្រើននាក់នៅទីនោះ បានសំណូមពរមន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ចអោយជួយស្រាវជ្រាវរកយុត្តិធម៌ក្នុងករណីនេះ ចំណាត់ការទៅតាមនីតិវិធីផង ព្រោះឈ្មោះ ជា ប៊ុនធឿន កន្លងមកតែងតែគំរាមវាយដំទៅលើនារីទន់ខ្សោយធ្វើការនៅក្នុងក្លឹប និងខារាអូខេជាច្រើនលើកច្រើនសារ ៕
ដោយ៖ ហេង សូរិយា