ការបោះឆ្នោតជាតិថៃជិតមកដល់ ហើយ ដោយរយៈពេលកន្លងមក ភាគីយោធា កាន់អំណាចត្រូវបានគេវាយតម្លៃថា នឹងទទួលបានជ័យជំនៈ។ ប៉ុន្តែនៅពេលនេះ មានគណបក្សថ្មីមួយបានបង្កើតឡើង ដោយមានឈ្មោះថា ”ថៃ រ៉ាក់សាឆាត” ឬ ហៅ ថា គណបក្សរក្សាជាតិថៃ កំពុងទទួលបានចំណាប់អារម្មណ៍ជាខ្លាំងក្នុងចំណោមសាធារណជន និងអ្នកនយោបាយថៃ។ ទទួលបានចំណាប់អារម្មណ៍ ក៏ព្រោះថា គណបក្សថ្មីនេះ មានសមាជិកដែលសុទ្ធតែជាបុគ្គលមានឈ្មោះល្បី នៅក្នុងសង្គមថៃ។
គណបក្សរក្សាជាតិថៃ ជឿជាក់យ៉ាងមុតមាំថា បក្សរបស់ខ្លួនពោរពេញទៅដោយថាមពល ដែលអាចឆក់យកប្រជាប្រិយភាព ពីសំណាក់សាធារណជនថៃបាន។ ដោយសារអ្វី? គឺដោយសារតែ គណបក្សរក្សាជាតិថៃ មានសមាជិកភាគច្រើន ដែលជាអតីតសមាជិករបស់បក្សភឿថៃ ជាគណបក្សល្បីឈ្មោះ និងជាបក្សធ្លាប់មានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តីថៃ ត្រកូលស៊ីណាវ៉ាត។ បន្ថែមលើនេះ ចលករខ្លាំងមួយទៀត ដែលគេជឿថាអាចជំរុញឲ្យគណបក្សរក្សាជាតិថៃ មានប្រជាប្រិយភាព ក៏ព្រោះថា គណបក្សនេះមានការចូលរួមពីសំណាក់តារា និង អ្នកកីឡាដ៏ល្បីក្នុងប្រទេស។ ជាក់ស្តែង នាពេលថ្មីៗនេះ កីឡាករវាយកូនហ្គោលដ៏ល្បីល្បាញ គឺលោក ថុងឆៃ ចៃឌី និងតារាស្រីថៃល្បីឈ្មោះនាង ណាហាតៃ ជាអតីតជ័យលាភីបវរកញ្ញាថៃប្រចាំឆ្នាំ២០០៦ ទើបតែបានចុះហត្ថលេខា ចូលជាសមាជិករបស់បក្សរក្សាជាតិថៃផងដែរ។
គណបក្សដ៏មានសក្តានុពល គឺគណបក្សរក្សាជាតិថៃ ត្រូវបានគេចាត់ទុកថា ជាគណបក្សដែលមានជាប់សាច់ឈាម ជាមួយគណបក្សភឿថៃ។ ហេតុផលសំខាន់ម្យ៉ាងនោះគឺថា គណបក្សនេះមានមេដឹកនាំ ដែលជាអតីតសមាជិកសភា របស់គណបក្សភឿថៃ និងមានឆន្ទះគោលនយោបាយមុតមាំ ក្នុងការដឹកនាំប្រទេស ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ សូមរឭកជូនផងដែរថា គណបក្សភឿថៃ ដឹកនាំដោយអ្នកស្រីយីងឡាក់ ធ្លាប់ជាបក្សកាន់អំណាច តែត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ កាលពីឆ្នាំ២០១៤ ហើយចាប់តាំងពីឡើងក្តោបក្តាប់អំណាចនាឆ្នាំ២០១៤ មក រដ្ឋាភិបាលរបបសឹកថៃ តែងបានពន្យាពេលធ្វើការបោះឆ្នោតជាច្រើនលើក ច្រើនសារ។ តែទោះជាយ៉ាងណាក្តី នៅទីបំផុតទៅ របបយោធាថៃក៏បានប្រកាសថា នឹងរៀបចំធ្វើការបោះឆ្នោតសភា នៅចុងខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយ។ សាធី