ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ ។
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដែល ទើបទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា នេះ បង្ហាញថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានណែនាំនូវបញ្ហាមួយចំនួនក្នុងកិច្ចប្រជុំនោះ ។
ក្នុងនោះ គឺ ការឆ្លើយតបទៅនឹងការលើកឡើងរបស់សារព័ត៌មានបរទេសដែលថា “កម្ពុជាកំពុងក្លាយទៅជាដែនអាណានិគមរបស់ប្រទេសចិន ជាពិសេសប្រទេសនេះកំពុងសាងសង់មូលដ្ឋាននាវាយោធាមួយនៅខេត្តកោះកុង ។
សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាមិនត្រូវការឱ្យបរទេសមកច្បាំងគ្នាលើទឹកដីកម្ពុជាដូចអតីតកាលទេ ហើយក៏មិនឱ្យកម្ពុជាក្លាយជាទីលាននៃការធ្វើសង្គ្រាមមនោគមន៍វិជ្ជា ឬ សាកល្បងអាវុធដែរ ។ ក៏ប៉ុន្តែកម្ពុជាចង់ឱ្យបរទេសប្រកួតប្រជែងគ្នាក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នៅកម្ពុជា ជាអាទិ៍ការផ្តល់ជំនួយ កសាងហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន ជាដើម ៕