ខេត្តតាកែវ ៖ ពិតជាធ្វើឲ្យភ្ញាក់ផ្អើល ណាស់ បន្ទាប់ពីនៅក្នុងបណ្តាញសង្គម ជាពិសេសតាមផេកហ្វេសបុ៊ក «CPC NEWS» បានបង្ហោះរឿងពិតនៅក្នុងសង្គមខ្មែរមួយដែលបង្ហាញពីស្រ្តីម្នាក់ដួលសន្លប់ស្តូកស្តឹងនៅមុខរោងការ ព្រោះតែតាមទាន់លោកប្តីដែលកំពុងស្រឡាញ់ឱបពេញដើមទ្រូងលួចមករៀបការជាមួយស្រីថ្មី ។
រឿងហេតុនេះបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃអាទិត្យ១១ កើត ខែ កក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅមុខរោងការរបស់ប្តី ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ស្រុក ទ្រាំង ខេត្តតាកែវ ។
ស្ត្រីរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះ អាសយដ្ឋាន មានកូនប៉ុន្មាក់រស់នៅក្នុងបន្ទុក និងប្តីនាងដែលក្បត់ចិត្តមក រៀបការជាមួយស្រីថ្មីឈ្មោះអ្វី អាយុប៉ុន្មាន នោះទេគ្រាន់តែដឹងថានាងមានអាយុជាង៣០ឆ្នាំ ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវដៃខ្លី ពណ៌ត្រួយចេក បានមកយំដួលសន្លប់នៅមុខរោងការត្រង់ចំណុចខាងលើបង្កការភ្ញាក់ផ្អើលដល់អ្នកចូលរួមមង្គលការជួយ គក់ច្របាច់ឲ្យដឹងខ្លួនឡើងវិញហើយនាងប្រាប់គេឯងថា កូនកំលោះនៃមង្គលការនេះ គឺ ជាប្តីរបស់នាងដែលបានរៀបការស្រប ច្បាប់ជាមួយគ្នាយូរឆ្នាំមកហើយមិនគួរណាក្បត់ចិត្តលួចមករៀបការជាមួយស្រីបែបនេះឡើយ ។
បើទោះបីគេមិនបានដឹងរឿងរ៉ាវពិស្តារ របស់គ្រួសារមួយនេះយ៉ាងណាក៏ដោយ ក៏គេអាចគិតថាប្រសិនបើរឿងនេះមានយ៉ាងដូច្នេះមែនមិនខុសពីចម្រៀងខ្លះមានអត្ថ ន័យថា “ភ្លេងការ ប្រហារប្រពន្ធដើម ឬកាល នៅក្រក្រីបងស្មោះតែនឹងមាន់ស្រែ ឥឡូវ បងប្រែទៅស័្មគ្រនាងហង្សឆើតឆាយ”? នោះទេ ៕