ភ្នំពេញ: រថយន្តហាយឡែនឌ័រ ស្លាកលេខនគរបាលមួយគ្រឿង បោះពួយទៅបុកបង្គោលភ្លើងស្តុបចរាចរណ៍ពេញទំហឹង បណ្តាលឲ្យមនុស្សប្រុស២នាក់ រងរបួសបែកមុខ និងក្បាល ហូរឈាមស្រោចពេញខ្លួន ចំណែករថយន្តខ្ទេចផ្នែកខាងមុខទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមុនស្សប្រុសស្រីមួយក្រុម បើករថយន្ដ ដឹកគ្នារមួយគ្រឿង ម៉ាកតូយ៉ូតា ហាយឡែនឌ័ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-1905 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកបង្គោលភ្លើងស្តុបចរាចរបណ្តាលឲ្យមនុស្សប្រុស២នាក់អង្គុយនៅខាងមុខរងរបួសបែកមុខ និងបែកក្បាលត្រូវបាន រថយន្តសង្រោះទៅសង្គ្រោះភ្លាមៗម្នាក់ និងម្នាក់ទៀតបានឡើងជិះម៉ូតូកង់បីឥណ្ឌាទៅសង្គ្រោះដោយខ្លួនឯង។ រីឯអ្នករួមដំណើរជាមួយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ
...