ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើរ សុំឲ្យប្រតិភូទីក្រុងឆុងឈីង ពិនិត្យលទ្ធភាព ជួយសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុង ១ខ្សែ នៅរាជធានីភ្នំពេញ ខណៈកំណើន ប្រជាពលរដ្ឋពី១ឆ្នាំទៅ១ឆ្នាំចេះតែកើនឡើងឥតឈប់ឈរ ទន្ទឹមនិងកំណើនសេដ្ឋកិច្ច នៅកម្ពុជាកាន់តែខ្ពស់ ការស្នើរសុំបែបនេះនៅក្នុងជំនួបពិភាគ្សាការងារ ជាមួយប្រតិភូក្រុងឆុងឈីងប្រទេសចិនដឹកនាំដោយលោកចូវ គីឈីង(Zhou Keqin) អនុប្រធានគណៈ កម្មាធិការ ប្រឹក្សានយោបាយបក្សប្រជាជនចិន ទីក្រុងឆុងឈីង កាលពីរសៀល ព្រហស្បតិ៏ ៧រោចខែកត្ដិក ឆ្នាំចសំរឹទិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ ។ ជំនួបនេះ ដោយផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងឆុងឈីងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ រាជធានីភ្នំពេញមាន អំណោយផល លើកវិស័យពាណិជ្ជកម្មគ្រប់យ៉ាង ជាពិសេស ការវិនិយោគលើវិស័យឧស្សាហកម្ម ,ពាណិជ្ជកម្ម ,ទេសចរណ៏វប្បធម៏,ផ្នែកសំណង់, អប់រំ,កសិកម្មជាដើម ហើយរាជធានីភ្នំពេញ ត្រៀមខ្លួនជានិច្ចក្នុងការទទួលអ្នកវិនិយោគពីទីក្រុងឆុងឈីង។
លោកបន្ដថា៖ ដំណើរទស្សនកិច្ចរបស់លោកចូវ គីឈីង និងប្រតិភូដែលបានមកទស្សនកិច្ចនៅរាជធានីភ្នំពេញ នាពេលនេះ គឺបានបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការកាន់តែល្អ ប្រសើរក្នុងនាមរាជធានីភ្នំពេញ និងទីក្រុងឆុងឈីងជាទីក្រុងសម្ពន្ធ័ភាព នឹងគ្នាដែលបានចុះអនុស្សរណៈ ជាមួយគ្នាតាំងពីឆ្នាំ២០០៤មក និងស្របពេលនៃឆ្នាំខួបទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២កម្ពុជា-ចិនផងដែរ។
ក្នុងឱកាសនេះដែរលោក ឃួង ស្រេង ក៏បានស្នើរសុំទៅភាគីទីក្រុងឆុងឈីង ដែលមានប្រជាជនរស់នៅជាង៣៣ លាននាក់ របស់ប្រទេសចិន ឲ្យពិនិត្យលទ្ធភាពក្នុងការជួយ សាង សង់ផ្លូវក្រវ៉ាត់ក្រុង១ខ្សែ របស់រាជធានីភ្នំពេញជាប្រភេទជំនួយ ឬប្រភេទB.O.Tក៏បាន ឆ្លងកាត់បង់ប្រាក់ ។
លោក ចូវ គីឈីង (Zhou Keqin) ក៏បានបង្ហាញពីភាពរីកចម្រើនរបស់ទីក្រុងឆុងឈីង នាពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាលចិនចាត់ទុកថា ជាកន្ទុយនាគ ឯទីក្រុងសៀងហៃ ជាក្បាលនាគ ដោយកំណត់យកទន្លេយ៉ាងសេធ្វើជាគោល។ ឆុងឈីង ជាទីក្រុងឧស្សាហកម្មដ៏ សំខាន់មួយរបស់ចិន ដែលអាចផលិតរថយន្តបានប្រមាណ៣០លានគ្រឿង ផលិត កុំព្យូទ័របានប្រមាណ៦០លានគ្រឿងក្នុង១ឆ្នាំៗ និងជាទីក្រុងដែលស្ថិតនៅចំណុចតភ្ជាប់ទៅកាន់បណ្តាប្រទេសនៅអាស៊ីផងដែរ។
លោកចូវ គីឈីង ក៏បាន អញ្ជើញលោកឃួង ស្រេង ទៅធ្វើទស្សនកិច្ច នៅទីក្រុងឆុងឈីង ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ពីការអភិវឌ្ឍទីក្រុងកាន់តែឆាប់កាន់តែល្អ។ លោកឃួងស្រេង បានសម្រេចទទួលយកសំណើនេះ ហើយថានឹងរៀបចំជាប្រតិភូទៅទស្សនកិច្ចអាចក្នុងខែ មករា ឆ្នាំ២០១៩ខាងមុខនេះ៕ ដោយ៖ សំរិត