បុរស​ម្នាក់​មិន​ដឹង​មាន​បញ្ហា​អ្វី​ ស្រាប់​តែ​ដក​កាំភ្លើង​បាញ់​មេឃច្រើន​គ្រាប់ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញបុរីតាង៉ូវ នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ដឹង​មាន​បញ្ហា​អ្វី​ ស្រាប់​តែ​ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​អស់​អ្នក​ជិត​ខាង​ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ កាល​ពី​វេលា​ម៉ោងរំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែលស្ថិត​នៅ​ក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ​​ ផ្លូវ​លេខ​៦៦៦A1 ​ក្នុង​ភូមិ​តាង៉ូវ​ក្រោម សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​ ។

បុរសដែលផ្ទុះអាវុធ​ បង្កការភ័យខ្លាច​ដល់បងប្អូនប្រជាពលរដ្ឋនោះ​ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ព្រោះសមត្ថកិច្ចហាក់បីដូចជា​ព្យាយាម​បិទបាំង ​មិ​នព្រមផ្ដល់ព័ត៌មានឲ្យ​ក្រុមអ្នកយកព័ត៌មាន ។

យោងតាមសំដីប្រជាពលរដ្ឋម្នាក់ដែលបានបំភ្លឺប្រាប់សមត្ថកិច្ចបានដឹងថា កាលពីវេលាម៉ោង២៣:១០នាទី​ ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ​ មុនដំបូង​ខ្ញុំបាទ បានធ្វើដំណើរ តាមរថយន្តចេញពីទួលក្រសាំងតែម្នាក់ឯង​ ឆ្ពោះ​មកផ្ទះ ហើយមុនពេលចេញពីទួលក្រសាំង ខ្ញុំបានទូរស័ព្ទមកប្រពន្ធឲ្យចាំបើកទ្វារផ្ទះ ភ្លាមនោះប្រពន្ធប្រាប់ថា មានមនុស្សប្រុសម្នាក់​ អាយុប្រហែល៣០ឆ្នាំ ដើរបាញ់កាំភ្លើងតាមផ្លូវ​ នៅជិតផ្ទះរបស់យើង នៅភូមិតាង៉ូវក្រោម​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ ភ្នំពេញ ។

លុះពេលមកជិតដល់ផ្លូវចូលបុរីខាងលើ ខ្ញុំបានឈប់រថយន្តចុះចូលទៅប្រាប់នគរបាលប៉ុស្តិ៍និរោធ ហើយនគរបាលប៉ុស្ដិ៍និរោធ ក៏បានប្រាប់ថា មាននគរបាលទៅពីរនាក់ហើយ រួចគាត់ ក៏ចេញមកផ្ទះរួចមកដល់មុខផ្ទះ១១B ផ្លូ៦៦៦A ស្រាប់តែជនបង្កហេតុនោះបានស្រែកសួរខ្ញុំថា ហ្អែងទៅណា ហើយ អាមេ កាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មួយដើម ចុះឡើងៗ ទើបខ្ញុំឃើញសភាពមិនស្រួល ក៏បើករថយន្តថយក្រោយ ត្រឡប់ទៅប៉ុស្តិ៍នគរបាលនិរោធវិញ ហើយប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចបានដឹង និងចុះអន្តរាគមន៍ផងដែរ ព្រោះខ្ញុំភ័យហើយ និងមិនអាចចូលទៅផ្ទះបានវិញទេ ភ្លាមនោះ ទើបសមត្ថកិច្ចចូលមកធ្វើប្រតិបត្តិការឃាត់ខ្លួនជនបង្កនោះយកទៅប៉ុស្តិ៍តែម្តង ។

បច្ចុប្បន្ន​បន្ទាប់ពីធ្វើសកម្មភាពផ្ទុះអាវុធ​រួច សមត្ថកិច្ចប៉ុស្តិ៍នគរបាល​និរោធ​ បានឃាត់ខ្លួន​ខ្មាន់កាំភ្លើង​ខាងលើ​ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលនិរោធ​ ។

ក្រោយពីធ្វើការសាកសួររួចហើយ​ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ តែមិនដឹងថា សាកសួរបន្ត​ និងកសាង​សំណុំរឿង​បន្ថែមយ៉ាងណានោះ​ ក្រុមអ្នកសារព័ត៌មាននៅមិនទាន់​ទទួលបាន​លម្អិតពីសមត្ថកិច្ច​នៅឡើយទេ ព្រោះពេលទៅដល់មុខប៉ុស្តិ៍ សមត្ថកិច្ច​បានទាញទ្វារបិទ​ ហើយពេលបញ្ជូនទៅដល់អធិការដ្ឋានខណ្ឌច្បារអំពៅ សមត្ថកិច្ចក៏បានទាញទ្វារទ្វារបិទមិនឲ្យអ្នកកាសែតចូល​ ​ហាក់បីដូចជា​ព្យាយាម​បិទបាំង ​មិ​នផ្ដល់ព័ត៌មានជូន​ក្រុមអ្នកយកព័ត៌មាននោះទេ ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print