ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានបញ្ហាអ្វី ស្រាប់តែដកកាំភ្លើងបាញ់ជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលអស់អ្នកជិតខាង និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ផ្លូវលេខ៦៦៦A1 ក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បុរសដែលផ្ទុះអាវុធ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះសមត្ថកិច្ចហាក់បីដូចជាព្យាយាមបិទបាំង មិនព្រមផ្ដល់ព័ត៌មានឲ្យក្រុមអ្នកយកព័ត៌មាន ។
យោងតាមសំដីប្រជាពលរដ្ឋម្នាក់ដែលបានបំភ្លឺប្រាប់សមត្ថកិច្ចបានដឹងថា កាលពីវេលាម៉ោង២៣:១០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មុនដំបូងខ្ញុំបាទ បានធ្វើដំណើរ តាមរថយន្តចេញពីទួលក្រសាំងតែម្នាក់ឯង ឆ្ពោះមកផ្ទះ ហើយមុនពេលចេញពីទួលក្រសាំង ខ្ញុំបានទូរស័ព្ទមកប្រពន្ធឲ្យចាំបើកទ្វារផ្ទះ ភ្លាមនោះប្រពន្ធប្រាប់ថា មានមនុស្សប្រុសម្នាក់ អាយុប្រហែល៣០ឆ្នាំ ដើរបាញ់កាំភ្លើងតាមផ្លូវ នៅជិតផ្ទះរបស់យើង នៅភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ ។
លុះពេលមកជិតដល់ផ្លូវចូលបុរីខាងលើ ខ្ញុំបានឈប់រថយន្តចុះចូលទៅប្រាប់នគរបាលប៉ុស្តិ៍និរោធ ហើយនគរបាលប៉ុស្ដិ៍និរោធ ក៏បានប្រាប់ថា មាននគរបាលទៅពីរនាក់ហើយ រួចគាត់ ក៏ចេញមកផ្ទះរួចមកដល់មុខផ្ទះ១១B ផ្លូ៦៦៦A ស្រាប់តែជនបង្កហេតុនោះបានស្រែកសួរខ្ញុំថា ហ្អែងទៅណា ហើយ អាមេ កាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មួយដើម ចុះឡើងៗ ទើបខ្ញុំឃើញសភាពមិនស្រួល ក៏បើករថយន្តថយក្រោយ ត្រឡប់ទៅប៉ុស្តិ៍នគរបាលនិរោធវិញ ហើយប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចបានដឹង និងចុះអន្តរាគមន៍ផងដែរ ព្រោះខ្ញុំភ័យហើយ និងមិនអាចចូលទៅផ្ទះបានវិញទេ ភ្លាមនោះ ទើបសមត្ថកិច្ចចូលមកធ្វើប្រតិបត្តិការឃាត់ខ្លួនជនបង្កនោះយកទៅប៉ុស្តិ៍តែម្តង ។
បច្ចុប្បន្នបន្ទាប់ពីធ្វើសកម្មភាពផ្ទុះអាវុធរួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធ បានឃាត់ខ្លួនខ្មាន់កាំភ្លើងខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលនិរោធ ។
ក្រោយពីធ្វើការសាកសួររួចហើយ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តែមិនដឹងថា សាកសួរបន្ត និងកសាងសំណុំរឿងបន្ថែមយ៉ាងណានោះ ក្រុមអ្នកសារព័ត៌មាននៅមិនទាន់ទទួលបានលម្អិតពីសមត្ថកិច្ចនៅឡើយទេ ព្រោះពេលទៅដល់មុខប៉ុស្តិ៍ សមត្ថកិច្ចបានទាញទ្វារបិទ ហើយពេលបញ្ជូនទៅដល់អធិការដ្ឋានខណ្ឌច្បារអំពៅ សមត្ថកិច្ចក៏បានទាញទ្វារទ្វារបិទមិនឲ្យអ្នកកាសែតចូល ហាក់បីដូចជាព្យាយាមបិទបាំង មិនផ្ដល់ព័ត៌មានជូនក្រុមអ្នកយកព័ត៌មាននោះទេ ៕ ភារ៉ា ដង្កោ