ភ្នំពេញ៖ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ បានស្តាប់ភស្តុតាងទាក់ទងនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថាបានអនុវត្តប្រឆាំងនឹងជនជាតិភាគតិចវៀតណាមនៅកម្ពុជាក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យដោយស្តាប់ការផ្តល់សក្ខីកម្មដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ទាក់ទងនឹងការការរងទុក្ខវេទនានិងការបាត់បង់ក្រុមគ្រួសាររបស់គាត់ដោយសារតែមានជាប់នឹងសែស្រឡាយជាមួយជនជាតិវៀតណាម ។
ជនរងគ្រោះប្រាក់ ឌឿន ដែលបានរៀបការជាមួយស្ត្រីដែលជាប់សែស្រឡាយវៀតណាម បានថ្លែងថាប្រពន្ធរបស់លោកត្រូវបានយកទៅសម្លាប់នៅពេលដែលគេដឹងថាមានសែស្រឡាយវៀតណាម រួមនឹងកូនគាត់។ តាមជនរងគ្រោះខ្មែរក្រហមបានសម្លាប់កូនក្មេងដោយបោះឡើងលើនិងចាក់នឹងចំពុះទុងកាំភ្លើងរបស់របស់ខ្លួន។
មានដើមកំណើតនៅក្នុងខេត្តកំពង់ឆ្នាំងលោកប្រាក់ ឌឿនបានរៀបរាប់ថាលោកបានរៀបការជាមួយស្ត្រីកូនកាត់ជនជាតិវៀតណាមម្នាក់ដែលបានរៀនសូត្រជាមួយគ្នានៅមុនពេលរបបខ្មែរក្រហមឡើងកាន់អំណាចនិងត្រូវបានទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវ។ មានកូនចំនួន ៦ នាក់ លោកប្រាក់ ឌឿនបានថ្លែងថាក្រុមគ្រួសាររបស់ លោកត្រូវបានខ្មែរក្រហមជម្លៀសដោយបង្ខំឱ្យចេញពីភូមិដែលខ្លួនធ្លាប់រស់នៅ។ លោកបានថ្លែងប្រាប់អង្គសវនាការថាខ្មែរក្រហមបានធ្វើបញ្ជីឈ្មោះជនជាតិវៀតណាមក្រុមគ្រួសារខ្មែរដែលបានរៀបការជាមួយជនជាតិវៀតណាម។ លោកថ្លែងថាប្រជាជននៅតំបន់នោះដែលចង់បានដំឡូងនិងរបស់ហូបមួយចំនួនពីក្រុមខ្មែរក្រហមបានរាយការណ៍ ពីវត្តមានរបស់ក្រុមគ្រួសារដែលមានជាប់សែស្រឡាយទៅកម្មាភិបាលខ្មែរក្រហមបានដឹង។
ដើមបណ្តឹងរដ្ឋប្បវេណីប្រាក់ ឌឿនបានថ្លែងថាលោកបានឃើញជនជាតិវៀតណាមជាច្រើននាក់ត្រូវបានខ្មែរក្រហមប្រមូលផ្តុំនិងបញ្ជូនទៅក្រៅតំបន់សហករណ៍។ លោកបានថ្លែងថាមានការប្រាប់ទៅជនជាតិវៀតណាមដែលនៅកោះតាម៉ូវក្នុងខេត្តកំពង់ឆ្នាំថាកុំឱ្យនិយាយភាសាវៀតណាមបន្តទៅទៀត។ លោកបានថ្លែងថាក្រុមខ្មែរ ក្រហមបាននិយាយពីជនជាតិវៀតណាមដែលត្រូវបានចាត់ទុកថាជាខ្មាំងស៊ីរូងផ្ទៃក្នុង ហើយបានឮថានឹងមានការប្រមូលជនជាតិវៀតណាមពីតាមសហករណ៍នានា។ ពេលដែលស្តាប់ឮពីបញ្ហានោះដើមបណ្តឹងរដ្ឋប្បវេណីរូបនេះ មានការព្រួយបារម្ភយ៉ាងខ្លាំងដែលថាលោកអាចនឹងបែកបាក់ជាមួយប្រពន្ធរបស់លោកដែលជាប់សែស្រឡាយវៀត ណាម។ លោកថាក្រោយមកខ្មែរក្រហមបានចាប់ខ្លួនប្រពន្ធនិងម្តាយឪពុកក្មេកជាជនជាតិវៀតណាម។ ជនជាតិ វៀតណាមផ្សេងទៀតដែលមានចំណងអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរក៏ត្រូវបានចាប់ខ្លួនផងដែរហើយធ្វើការបែងចែកក្រុមជនជាតិខ្មែរម្ខាងនិងក្រុមវៀតណាមម្ខាង។
លោកនេត្រភក្ត្រាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថាសាក្សីនិងដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១០ រូបត្រូវបានកំណត់កាលបរិច្ឆេទសម្រាប់ការផ្តល់សក្ខីកម្មនៅក្នុងអំឡុងពេលសវនាការលើផ្នែកនេះក្នុងសំណុំរឿង ០០២/០២។អង្គជំនុំជម្រះសាលាដំបូងក៏កំពុងពិចារណាផងដែរថាតើត្រូវស្តាប់សក្ខីកម្មរបស់អ្នកជំនាញលើ
អង្គហេតុនេះដែរឬយ៉ាងណា។ លោកបានបញ្ជាក់ថាយោងតាមដីកាដំណោះស្រាយគោលនយោបាយមួយក្នុងចំណោមគោលនយោបាយចំនួន ៥ ដែលអនុវត្តដោយបក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) ដើម្បីការពារបដិវត្តន៍សង្គមនិយមគឺការដាក់ក្រុមជាក់លាក់ ជាគោលដៅតាមរយៈការប្រើប្រាស់មធ្យោបាយចាំបាច់នានា។
ទាក់ទងនឹងផ្នែកស្តីពីជនជាតិវៀតណាមដីកាដំណោះស្រាយគូសបញ្ជាក់ថាគោលនយោបាយនេះមានអត្ថិភាពនៅមុនឆ្នាំ ១៩៧៥ និងរីករាលដាលពេញមួយរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យយ៉ាងហោចណាស់រហូតដល់ថ្ងៃទី ០៦ ខែមករាឆ្នាំ ១៩៧៩។ កាលពីដំបូងប.ក.កត្រូវបានចោទប្រកាន់ថាបានផ្តោតទៅលើការបណ្តេញជនជាតិវៀតណាមទាំងអស់ពីទឹកដីកម្ពុជានិងបញ្ជូនពួកគេទៅប្រទេសវៀតណាមវិញ។ ដីកាដំណោះស្រាយបានចោទប្រកាន់ថានួនជានិងខៀវសំផន ជាអ្នកទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌជាលក្ខណៈបុគ្គលចំពោះឧក្រិដ្ឋកម្មទាំងឡាយដែលបានប្រព្រឹត្តមកលើក្រុមជនជាតិវៀតណាម ក្នុងអំឡុងពេលខាងលើតាមរយៈតួនាទីនានារបស់ពួកគាត់ក្នុងជួរប.ក.ក ។
សំណុំរឿង ០០២/០២ គឺជាការជំនុំជម្រះដំណាក់កាលទីពីរទៅលើនួនជានិងខៀវសំផននិងដែលមានបទចោទអំពីអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនចាមនិងប្រជាជនវៀតណាមការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំការរំលោភផ្លូវភេទនៅក្នុងបរិបទនៃការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំការបោសសម្អាតផ្ទៃក្នុងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តទៅលើពុទ្ធសាសនិកនិងអតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ ព្រមទាំងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តនៅមន្ទីរសន្តិសុខចំនួនបួន ការដ្ឋានការងារចំនួនបីនិងសហករណ៍មួយ។
នៅពេលសវនាការលើអង្គហេតុទីបីពាក់ព័ន្ធនឹងការប្រព្រឹត្តលើក្រុមគោលដៅជាក់លាក់កំពុងតែដំណើការមកទល់នឹងពេលបច្ចុប្បន្នអង្គជំនុំជម្រះបានស្តាប់ សក្ខីកម្មរបស់សាក្សីចំនួន ៤៩ រូបដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០រូបនិងអ្នកជំនាញមួយរូបក្នុងអំឡុងពេលសវនាការចំនួន ១១៧ថ្ងៃ ៕