ចំនួនពលរដ្ឋបារាំងគាំទ្រប្រធានាធិបតីហ្វ្រាំងស័រ ហូឡែន កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោយពេលដែលលោកបានអនុវត្តិគោលនយោបាយប្រឆាំងភេរវកម្មយ៉ាងខ្លាំងក្លាបំផុត បន្ទាប់ពីមានការវាយប្រហារនៅទីក្រុងបារីសប្រទេសបារាំងមក។
តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន Fiducial For Paris Match និងSud Radio ដែលបានប្រកាសកាលពីថ្ងៃទី១ ខែធ្នូថា ចំនួនពលរដ្ឋដែលគាំទ្រប្រធានាធិបតីហូឡែន កើតឡើងដល់ទៅ៥០ភាគរយ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ មកទល់ពេលនេះ។
លទ្ធផលស្ទាប់ស្ទង់មតិបង្ហាញឲ្យឃើញថា ពលរដ្ឋ៦២ភាគរយជឿជាក់ទៅលើប្រធានាធិបតី ហូឡែន ដែលបានការពារផលប្រយោជន៍របស់បារាំងបានយ៉ាងល្អ។ ពលរដ្ឋ៣៨ភាគរយនិយាយថា លោកហូឡែន បាននិយាយការពិតជាមួយពលរដ្ឋនិងពលរដ្ឋ២៨ភាគរយចង់ឲ្យលោកជាប់ឆ្នោតសារជាថ្មីម្តងទៀតនៅឆ្នាំ២០១៧ ។
នៅមុនការវាយប្រហារទីក្រុងប៉ារីស និងវាយប្រហារទៅលើការសែតត្លុកបារាំង ចំនួន ពលរដ្ឋគាំទ្រប្រធានាធិបតីធ្លាក់ចុះទាបបំផុតមិនធ្លាប់មានរយៈពេល៣ឆ្នាំកន្លងមក ប៉ុន្តែក្រោយការវាយប្រហារពលរដ្ឋបានគាំទ្រលោកច្រើន ពិសេសទៅលើគោលនយោបាយសន្តិសុខ និងវាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី ៕
ប្រែសម្រួល៖ ម៉ែវ សាធី