ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្នំធំ និងសិស្សរៀននៅសាលាបឋមសិក្សាភ្នំធំត្រូវគេមើលឃើញថា កំពុងតែមានការត្អូញត្អែនិងព្រួយបារម្មពីបញ្ហាសុខភាពនិងការរស់នៅប្រចាំថ្ងៃនៃផលប៉ះពាល់ការធ្វើអាជីវកម្មថ្មភ្នំធំ ទៅលើបញ្ហាសម្លេងរំខានគ្រឿងចក្រ និងហ៊ុយកំទេចថ្មមកលើ ខណៈដែលការធ្វើអាជីវកម្មជីកកកាយនិងដាក់រំសេវបំផ្ទុះយកថ្មពីសំណាក់ក្រុមហ៊ុនធ្វើឡើងយ៉ាងរង្គាលពីមួយថ្ងៃទៅមួយថ្ងៃ។
ភ្នំធំដែលគេចាត់ទុកថាជាភ្នំបុរាណប្រវត្តិសាស្ត្រកំពុងរងការធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងពីសំណាក់ក្រុមហ៊ុនចំនួន៥ស្ថិតនៅក្នុងឃុំអូរប្រាសាទស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថាអាចនិងរាបស្មើក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត បើសិនមិនមានវិធានការទប់ស្កាត់និងអភិរក្សពីសំណាក់អាជ្ញាធរខេត្តនិងក្រសួងរ៉ែថាមពលនោះទេ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្នំធំប្រាប់ឱ្យដឹងថា អាជីវកម្មថ្មភ្នំធំគេធ្វើឡើងជាយូរឆ្នាំមកហើយ អាជីវកម្មនោះបានធ្វើឱ្យប៉ះពាល់សុខភាពពីកំទេចថ្មហ៊ុយតាមខ្យល់មកលើប្រជាពលរដ្ឋ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដេកពួនពុំបានពីសម្លេងរំខានពីគ្រឿងចក្រដោយគេធ្វើអាជីវកម្មជូនកាលរហូតម៉ោង១០យប់ទៀតផង។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា កន្លងមកប្រជាពលរដ្ឋនាំគ្នាតវ៉ាបញ្ហានោះដែរ ក៏ប៉ុន្តែមិនមានការដោះស្រាយពីសំណាក់អាជ្ញាធរនិងមន្ទីរជំនាញរពាក់ព័ន្ធនោះឡើយ ប្រជាពលរដ្ឋមានការខកចិត្តជាខ្លាំង។ប្រជាពលរដ្ឋលើកឡើងទៀតថាកកន្លងមកគេឃើញខាងបរិស្ថាននិងអាជ្ញាធរចុះមកមើលនោះដែរក៏ប៉ុន្តែស្ងាត់ឈឹងមិនមានការដោះស្រាយជូនប្រជាពលរដ្ឋនោះទេ ។
ចំណែកកូនសិស្សនិងគ្រូបង្រៀនមួយចំនួននៅសាលាបឋមសិក្សាភ្នំធំ ដែលមានទីតាំងក្បែរអាជីវកម្មភ្នំធំនោះ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ការរៀនសូត្ររបស់សិស្សពិតជាមានការប៉ះពាល់នោះមែនជាពិសេសការហ៊ុយនៃកំទេចថ្ម នៅពេលគេជីកកកាយ និងកិនថ្មនោះឡើង ចំពេលដែលមានខ្យល់បក់កួច។ក៏ប៉ុន្តែគ្រាដែលលោកគ្រូ និងសិស្សមួយចំនួនននៃសាលាបឋមសិក្សាភ្នំធំបានអះអាងថាពិតជារងការហ៊ុយពីអាជីវកម្មថ្មភ្នំធំ រីឯលោកនាយករងម្នាក់នៃសាលានោះបែរជាអះអាងផ្ទុយពីសិស្សនិងគ្រូបង្រៀនមួយចំនួនទៀត ដោយលោកនាយករងរូបនោះនិយាយថា មិនមានផលប៉ះពាល់អ្វីដល់សិស្សនោះទេ ការហ៊ុយនោះដោយសារសិស្សរត់លេងហើយក្រុមហ៊ុនឥឡូវគេមានការយល់ដឹងនៃការកាត់បន្ថយផលប៉ះពាល់។
លោក ឡុង ពុន អភិបាលស្រុកមង្គលបុរី នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា បញ្ហាខាងលើរបស់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់អាជីវកម្មថ្មភ្នំធំ កន្លងមកលោកក៏ធ្លាប់បានទទួលព័ត៌មានពីការលំបាករបស់ប្រជាពលរដ្ឋនោះមែន ។ ខាងក្រុមហ៊ុនទោះបីជាអាជ្ញាធរស្រុកបានចុះទៅណែនាំហើយក្រុមហ៊ុនបានសន្យាថានិងកាត់បន្ថយរាល់ផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ។
ទោះបីយ៉ាងណាក៏ដោយបញ្ហានេះនៅបន្តកើតឡើងចំពោះប្រជាពលរដ្ឋដដែលភាគីក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវមួយរយភាគរយតាមការណែនាំនោះឡើយ។លោកក៏ធ្លាប់សំណូមពរឱ្យក្រុមហ៊ុនធ្វើយ៉ាងណាធ្វើអាជីវកម្មកុំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ កុំឱ្យប៉ះពាល់ពេលវេលាសម្រាក របស់គាត់ និងកុំឱ្យការបំផ្ទុះថ្មខ្ទាតខ្ចាយជាល្បឿនលឿនប៉ះពាល់ប្រចាពលរដ្ឋជាដើមនោះ។ពាក់ព័ន្ធនិងក្រុមហ៊ុនកំពុងធ្វើអាជីវកម្មថ្មភ្នំធំ លោកមិនដឹងច្បាស់ថាមានក្រុមហ៊ុនចំនួនប៉ុន្មាននោះទេ ហើយក៏មិនបានដឹងក្រុមហ៊ុនណាមានច្បាប់និងអតប់ច្បាប់នោះផងដែរ លោកបង្វែឱ្យទៅសាកសួរ ខាងមន្ទីររ៉ែនិងថាមពលខេត្តទើបដឹងច្បាស់។
អ្នកយកព័ត៌មានយើងបានទំនាក់ទំនង លោក សុខ វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តឱ្យជួយបំភ្លឺជុំវិញបញ្ហានេះដែរ ទូរស័ព្ទលោកហៅចូលគ្មានការឆ្លើយតប។
សូមបញ្ជាក់ថាភ្នំធំ ជាភ្នំប្រវត្តិសាស្ត្រមួយដែលប្រជាពលរដ្ឋខ្មែរខ្លះមិនបានស្គាល់ក៍ប៉ុន្តែអ្នកខ្លះបានឮនិងស្គាល់ឈ្មោះតាមរយៈនៃការបកស្រាយបទចំរៀងពីសំណាក់អ្នកចំរៀងជើងចាស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ច្រៀងរៀបរាប់ពីភ្នំធំ ក៍ប៉ុន្តែភ្នំធំត្រូវគេមើលឃើញថាបច្ចុប្បន្ននេះកំពុងតែរងការបាត់រូបរាង្គបន្តិចម្តងៗពីការធ្វើអាជីវកម្មថ្មភ្នំហែកចែកគ្នាពីសំណាក់ក្រុមហ៊ុនចំនួន៥ ហើយភ្នំធំត្រូវគេមើលឃើញថានិងរលាយសាបសូន្យបាត់ពីផែនទីនៃប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះគ្រាដែលការធ្វើអាជីវជីកម្មជីកកកាយនិងការបំផ្ទុះយកថ្មភ្នំធំកំពុងធ្វើឡើងទាំងយប់ទាំងថ្ងៃនោះ។
អ្វីជាការបាត់បង់ភ្នំធំដែលជាសម្បត្តិធម្មជាតិដ៍យូរលង់មកហើយនោះ ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យរួមនិងភ្ញៀវទេចរជាតិនិងអន្តរជាតិធ្វើដំណើរឆ្លងកាត់មានការសោកស្តាយដែលមិនមានការអភិរក្សសម្រាប់ទុកជាកន្លែងតំបន់ទេសចរណ៍ធម្មជាតិសម្រាប់ឱ្យប្រជាជននិងភ្ញៀវទេសចរមកដំណើរកំសាន្តលេងដោយនៅលើភ្នំធំនោះត្រូវបានប្រជាពលរដ្ឋះអះអាងថាមានល្អាងតូចធំជាច្រើនសម្រាប់ការទាក់ទាញភ្ញៀវទេសចរមកកំសាន្តផងនោះទៀត ៕
ដោយ៖ សំ វិច្ឆិកា