ទួរគីបានឃុំខ្លួនមនុស្សយ៉ាងតិច៥៥នាក់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងទីក្រុង អ៊ីស្តាន់ប៊ូល ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធជាមួយក្រុមវិទ្ធស្សនា ប៉ុនប៉ងរដ្ឋប្រហារមិនសម្រេចកាលពីឆ្នាំ២០១៦ ។ នេះបើតាមសារព័ត៌មានក្នុងស្រុក ។
រដ្ឋអាជ្ញានៅទីក្រុងអ៊ីស្តាន់ប៊ូល បានបញ្ជាឲ្យឃុំឃាំងជនសង្ស័យរហូតដល់៩៦នាក់ ។ បណ្តាញព័ត៌មាន NTV ផ្សាយថា ការដែលគួរកត់សម្គាល់នោះ គឺថា ប្រតិបត្តិការគឺកំពុងបន្តធ្វើនៅទូទាំងរដ្ឋធានី ដើម្បីចាប់ខ្លួនអ្នកទាំងឡាយនោះដែលនៅមានចំនួនច្រើននាក់ ។
តាំងពីវេលាព្រឹកព្រលឹម រដ្ឋអាជ្ញាក្នុងតំបន់បានចេញដីកាឃុំខ្លួនទាហាន៣៤នាក់ ក្នុងខេត្តចំនួន២៤ ដោយសង្ស័យពួកគេ មានទាក់ទងជាមួយបណ្តាញ ដឹកនាំដោយបព្វជិត Fethullah Gulen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។
ដោយឡែក រដ្ឋអាជ្ញានៅក្នុងភាគកណ្តាល នៃខេត្ត Kayseri ទីក្រុង Ankara វិញបានចេញដីការចាប់ខ្លួនមនុស្សរហូតដល់១១២នាក់ ហើយមានទាហានផងដែរ ដោយចោទបទជាប់ពាក់ព័ន្ធជាមួយបណ្តាញ Gulen ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Anadolu គ្រប់គ្រងដោយរដ្ឋ ។
រដ្ឋាភិបាលទួរគី បានបន្ទោសទៅលើបព្វជិត Gulen និងបណ្តាញរបស់គាត់ ដែលស្ថិតនៅពីក្រោយអំពើរដ្ឋប្រហារមិនបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០១៦ បណ្តាលឲ្យស្លាប់មនុស្ស២៥០នាក់ ។ រដ្ឋាភិបាលទួរគីបានជំរុញឲ្យមានការធ្វើបត្យាប័នបព្វជិតរូបនេះពីទឹកដីអាមេរិកផងដែរ ៕ ម៉េវ សាធី