ជនបរទេសបើករថយន្ដឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូក៏ត្រូវរថយន្ដមួយគ្រឿងទៀតបើកបរដោយជនជាតិ​ចិនបើកឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា រថយន្ដបង្កម៉ាក TACOMA ធុនតូច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8519 បើកបរដោយឈ្មោះ Liu shi quan (លាវ ស៊ីឈ័ន) ភេទប្រុស អាយុ​២៧ឆ្នាំ ជនជាតិចិន សញ្ជាតិចិន បច្ចុប្បន្នស្នាកនៅរាជធានីភ្នំពេញ រីឯជនរងគ្រោះរបួសធ្ងន់ឈ្មោះ  ឡាក់ ធា ហៅកាំង ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិ ស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AL-1187  ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដបង្កខាងលើ TACOMA បើកបរដោយជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដបង្កបានបត់ឆ្វេងឆ្លងផ្លូវដោយពុំមើលមុខមើលក្រោយនោះទេ ស្របពេលមានក៏មានម៉ូតូមួយគ្រឿង​បើកក្នុងទិសដៅច្រាស់គ្នា ធ្វើឲ្យរថយន្ដឈប់មិនទាន់បានបុកម៉ូតូចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print