ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះថា បន្ទាប់ពីបានតាមដានអំពីស្ថានភាពអាកាសធាតុរួច មក ឃើញថា ជ្រលងសម្ពាធទាបខ្សោយបន្តគ្របដណ្តាប់លើព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះខ្យល់ដែលបក់ពីទិសអាគ្នេយ៍ (សមុទ្រចិនខាងត្បូង) បាននាំសំនើមមកជាមួយ ។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ទៀតថា ផ្អែកតាមលក្ខណៈខាងលើនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ រាយប៉ាយ ពីមធ្យមទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះមាន ៖
-ចាប់ពីថ្ងៃទី៧-១១ធ្នូ ៖ អាចនឹងមានភ្លៀងធ្លាក់នៅរាជធានីភ្នំពេញ , ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កោះ កុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និង ខេត្តបាត់ដំបង ។
-ចាប់ពីថ្ងៃទី០៧-០៩ធ្នូ ៖ អាចនឹងមានភ្លៀងធ្លាក់នៅខេត្តកំពង់ធំ ប៉ែលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមាន ជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និង ខេត្តមណ្ឌលគិរី ៕ សុខ ខេមរា