ភ្នំពេញ៖ បច្ចុប្បន្ននេះប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ បានរិះគន់ទៅលើលោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញ ដែលចូលកាន់ តំណែងអស់រយៈពេល៣ខែមកហើយនោះ ថា មិនយកចិត្តទុកដាក់ នឹងករណីបង្ក្រាបល្បែងហ្គេមភ្នាល់បាល់តាមអុីនធើណេតយីហោ២៤ម៉ោង និងកន្ទុយលេខ(ឆ្នោត វៀតណាម) រីកដូចផ្សិត កំពុងបង្អួត សម្រស់ដាក់ លោកអធិការរូបសង្ហា ឬ មួយទីតាំងទាំងអស់នោះ មានការបង់ ប្រាក់ប្រចាំខែឲ្យលោកឬក៏យ៉ាងណានោះទេ ទើបមិនហ៊ានបង្ក្រាបបែបនេះ ?
ឬក៏លោកអធិការរូបនេះផ្គើននឹងអនុសាសន៍ របស់សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលបានបញ្ជាឲ្យគ្រប់ខេត្ត ក្រុង រាជធានី លុបបំបាត់រាល់ល្បែងសុីសងទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់បទ ល្មើសលួច ឆក់ ប្លន់ ក្នុងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ។
ជាការពិតណាស់! ការឲ្យកើតមានបទ ល្មើសល្បែងស៊ីសង ការធ្វើចរាចណ៍រថ្នាំញៀន បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើ ហិង្សាក្នុងគ្រួសារ កាន់តែមានលក្ខណ: រសើបបំផុត ងាយប្រឈមនឹងការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ភាព សុខសាន្តជូនប្រជាពល រដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានលើកឡើងថា ផ្ទះអុីនធើណេត២៤ ម៉ោង ដែលជ្រកក្រោម យីហោអុីនធើណេត 24ម៉ោង បង្កប់ល្បែងភ្នាល់បាល់ និង កន្ទុយលេខ(ឆ្នោតវៀតណាម)ទាំងអស់នេះ កំពុងបើកចំហទ្វារទទួលភ្ញៀវញៀនល្បែងចូលលេង ទាំងយប់ទាំងថ្ងៃ ពិសេសផ្តល់ ឱកាសក្លាយជាជម្រកដល់ក្រុមអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទៀតផង ដោយបើក លេងយ់ាងគគ្រឹកគគ្រេង គ្មានទេអ្នកបង្ក្រាប រហូតទាក់ទាញឲ្យសិស្សសាលាជាប់ចិត្ត ចូលលេងភ្លេចពីការសិក្សា បង្កឲ្យមានការក្តៅក្រហាយពីប្រជាពលរដ្ឋ នៅក្បែរខាង ដែលមានកូនចៅទៅចូលលេងល្បែងស៊ីសងទាំងនោះដោយពុំគិតពីការរៀនសូត្រ។
គួរបញ្ជាក់ផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងបើកអុីនធើណេតទាំងឡាយណាដែលលួចបង្កប់ល្បែងសុីសងខុសច្បាប់ ។ គម្រោងនៃការមានវិធានការនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើក ឡើងពីបញ្ហាដែលកន្លែងបើកអុីនធើណេតមួយចំនួនបានលួចបង្កប់ល្បែងសុីសងខុសច្បាប់ បំភាន់ភ្នែកសមត្ថកិច្ច ។
ការមានវិធានការបែបនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយកាលពីកន្លងមក ជាមួយអាជ្ញាធរខណ្ឌទាំង១២ និងស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ដូចជាតំណាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាដើម នៅសាលារាជធានីភ្នំពេញ ដើម្បី ពិភាក្សារកវិធានការដើម្បីលុបបំបាត់ ល្បែងសុីសង តាមប្រព័ន្ធអនឡាញនេះ ។
បច្ចុប្បន្នប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាប មាន៤ចំណុច ទី១-មកពីមិនដឹង ទើប មិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែង មានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពី ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ៕ ស តារា