ភ្នំពេញ៖ ដើមឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលខ្លាំងនឹងស្ថានភាពជំងឺធ្ងន់ធ្ងររបស់តារាសម្តែងស្រី កញ្ញា ម៉ា នីកា បានបង្ហាញពីវីដេអូអំពីអាការៈធ្ងន់ធ្ងរនៃជំងឺច្រមុះរបស់នាង។ ពេលនេះនាងបានវិលមករកការសម្តែងជាថ្មីក្រោយពីស្ថានភាពជំងឺបានធូរស្បើយច្រើន។
តារាសម្ដែងក្នុងរឿង “មិត្តឫស្យា” កញ្ញា ម៉ានីកា លេចចេញអាការៈ អាល័ក្សស៊ីច្រមុះធ្ងន់ធ្ងររហូត មានខ្ទុះត្រូវបូមចេញបន្ទាន់ ហើយនាងក៏បានខកខានក្នុងការសម្តែងភាពយន្តមួយចំនួនផងដែរ។ ពេលនេះនាងបញ្ជាក់ថាស្ថានភាពជំងឺបានប្រសើរច្រើនជាងមុន។ នាងថាក្រោយពីបានទៅព្យាបាលនៅមន្ទីរពេទ្យក្រៅស្រុក ពេលនេះតារាសម្ដែងរូបនេះប្រាប់ថា បានធូរស្រាលប្រមាណ ៨០ភាគរយ ហើយ។
នាងថាជំងឺនាងមិនសូវជាធ្វើទុក្ខខ្លាំងទេទើបនឹងសម្រេចចិត្តចូលសម្តែងឡើងវិញក្រោយពីឱកាសផ្តល់ឲ្យពីផលិតករ។ ទោះជាយ៉ាងណាតារាស្រីរូបនេះលើកឡើងដែរថានាងត្រូវថែរក្សាសុខភាព និងជៀសវាងការងារធ្ងន់ៗដើម្បីប្រាកដថាស្ថានភាពសុខភាពវិលដូចដើម។ នាងថាទម្រាំជាសះបានប៉ុណ្ណេះ ត្រូវឡើងចុះច្រើនដង ដោយសារច្រមុះរបស់ ដែលធ្វើឲ្យពិបាកដកដង្ហើម ឈឺក្បាលញឹកញាប់ ពិសេសពេលអាកាសធាតុត្រជាក់ ឬត្រូវម៉ាស៊ីនត្រជាក់ កាន់តែពិបាកខ្លាំង។ ចំពោះការចំណាយវិញ កញ្ញា ម៉ា នីកា ប្រាប់ថា អស់ជាង៤ពាន់ដុល្លារ ដោយពេទ្យនៅប្រទេសវៀតណាមឲ្យយកចិត្តទុកដាក់ កុំឲ្យត្រូវធូលី និងតមអាហារគ្រឿងសមុទ្រមួយចំនួន ។
ជាមួយគ្នានេះនាងក៏ចេញមុខបដិសេធថាជំងឺរបស់នាងមិនមែនបណ្តាលមកពីការកែច្រមុះនៅហាងកែសម្ផស្សដូចការលើកឡើងរបស់មនុស្សមួយចំនួនឡើយ។ នាងក៏បានផ្តាំផ្ញើឲ្យប្រជាជនខ្មែរគ្រប់រូបគួរប្រុងប្រយ័ត្ននិងថែសុខភាពពិសេសផ្នែកច្រមុះដែលត្រូវព្យាបាលឲ្យបានទាន់ពេលវេលាមុនពេលបញ្ហាធ្ងន់ធ្ងរដូចរូបនាង៕ ដោយ វឌ្ឍនា