ឥណ្ឌូណេស៊ី៖ ថ្លែងក្នុងកិច្ចប្រជុំនៃការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុង Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី ០៦ ដល់ ០៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានសហភាពបញ្ញវន្តមុស្លិមកម្ពុជា បានលើកឡើងថា៖ សមាគមបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ICMA ជាឃ្លាំងធនធានមនុស្សដ៏ចាំបាច់បំផុត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសសមាជិកប្រកបដោយចីរភាព។
លោកបន្តថា៖ តាមរយៈសមាជិកប្រទេស ICMA យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែប្រសើរទៀត ស្តីពីបំលាស់ប្តូរបទពិសោធន៍ ជំរុញការវិនិយោគគ្រប់ទម្រង់ ក្នុងប្រទេសសមាជិក និងការចូលរួមលើកស្ទួយគ្រប់វិស័យនានា ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស ទាំងចំនេះដឹង និងការច្នៃប្រឌិតផងដែរ។
ថ្លែងទៅកាន់ សមាជិក ICMA លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានជម្រាប អំពីសក្តានុពលវិនិយោគ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសកម្ពុជាមានធនធានគ្រប់គ្រាន់ទាំងវត្ថុធាតុដើម និងកម្លាំងពលកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ បើកទ្វារស្វាគមន៍ជានិច្ចដល់បណ្តាវិនិយោគិនក្នុង និងក្រៅតំបន់ មកបណ្តាក់ទុននៅកម្ពុជា។
ការលើកឡើងនេះ គឺជាការប្តេជ្ញារួមគ្នាជាមួយតំណាងប្រទេសជាសមាជិក ICMA ចំនួន១១ ប្រទេស នៅព្រឹកថ្ងៃសុក្រ១៥រោចខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ឆ្លើយតបនឹងការជំរុញយ៉ាងយកចិត្តទុកដាក់ទៅកាន់អង្គប្រជុំ ដោយ លោក YTH Bapak Ir. H. Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីរាត្រីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីប្រកាស បើកកិច្ចប្រជុំ ការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ នោះផងដែរ ៕ ដោយ៖សំរិត