ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក នឹងជួបពិភាក្សាគ្នា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
នៅព្រឹកថ្ងៃទី៧ ធ្នូ នេះ សម្តេចតេជោបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រទេសវៀតណាម គឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីសម្តេចត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ កាលពីដើមខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញ។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋ ក្នុងទីក្រុងហាណូយ សាធារណ រដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការទទួលគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក៕ចេស្តា