ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី២ ខែធ្នូ បានព្យាករណ៍ថា គណបក្សប្រជាធិបតេយ្យរបស់លោកនឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ។
លោកអូបាម៉ាបញ្ជាក់នៅក្នុងបទសម្ភាសន៍ពេលចូលរួមកិច្ចប្រជុំនៅទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុថា «ខ្ញុំមានជំនឿថា បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យនឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតខាងមុខ»។ លោកអូបាម៉ានឹងជួយជ្រោមជ្រេងឃោសនាជួយដល់បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ មានលោកស្រីហ៊ីលឡារី គ្លីនតុនដែលជាបេក្ខភាពលេចធ្លោបំផុត។
កន្លងមកបេក្ខភាពមកពីគណបក្សសាធារណរដ្ឋប្រកាសថា នឹងលុបចោលគោលនយោបាយសុខាភិបាល ObamaCare និងត្រួតពិនិត្យឡើងវិញលើច្បាប់ស្តីពីការបញ្ចេញជាតិពុលដែលលោកអូបាម៉ាបានអនុម័តពេលជាប់ឆ្នោតជាប្រធានាធិបតី។ប៉ុន្តែលោកអូបាម៉ាបញ្ជាក់ថាវាមិនមែនជារឿនងាយស្រួលនោះឡើយ។
មកទល់ពេលនេះគេមិនទាន់អាចសន្និដ្ឋានថា បេក្ខភាពណាមួយអាចទទួលជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតីនោះឡើយ ដោយតាមការស្ទង់មតិឃើញថាទាំងបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នានៅឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី