ភ្នំពេញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ៖ កូនឈើសរុបប្រមាណ ១.០០០ ដើម នឹងត្រូវដាំដោយបុគ្គលិកស្ម័គ្រចិត្តនៃក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” ជាង ១០០ នាក់នៅតាមសាលារៀនមួយចំនួនក្នុងរាជធានីភ្នំពេញដែលជាផ្នែកមួយនៃ “គម្រោងលើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថាន និងការដាំកូនឈើ” ដែលមានការសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ ។
នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅសាលាបឋមសិក្សាសន្ធរម៉ុកក្នុងថ្ងៃនេះ ណាហ្គាវើលដ៍ បានទទួលនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការដាំកូនឈើ ៣.៣០០ ដើមចាប់តាំងពីឆ្នាំ ២០១៤ បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ប្រទេសកម្ពុជាឲ្យកាន់តែស្រស់បំព្រង និងកាន់តែបៃតង ។
នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា “ការការពារបរិស្ថាន គឺជាការងារសង្គមអាទិភាពមួយនៃគម្រោងអភិរក្សបរិស្ថានរបស់យើង ។ តាមរយៈកម្មវិធីដាំកូនឈើ និងការណែនាំស្តីអំពីការថែរក្សាកូនឈើនេះ យើងសង្ឃឹមថាសិស្សានុសិស្ស នឹងស្វែងយល់បន្ថែមអំពីការអភិរក្សបរិស្ថាន និងយល់ដឹងអំពីវិធីជួយធ្វើប្រទេសកម្ពុជាកាន់តែបៃតងក្នុងពេលអនាគត ។ មិនតែប៉ុណ្ណោះ ពួកគេនឹងទទួលបានខ្យល់អាកាស និងម្លប់ពីកូនឈើដែលពួកគេបានដាំផងដែរ” ។
អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍ថា “យើងដឹងថា ដើមឈើមិនត្រឹមតែផ្តល់សោភ័ណភាពស្រស់បំព្រងនោះទេ ប៉ុន្តែថែមទាំងផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងធ្វើឲ្យដីមានភាពត្រជាក់ទៀតផង ។ ដូច្នេះ យើងមានសេចក្តីសោមនស្សរីករាយដែលកម្មវិធីដាំកូនឈើនេះ នឹងធ្វើឲ្យបរិយាកាសរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍កាន់តែប្រសើរនៅក្នុងពេលអនាគត” ។
លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ក្រសួងតែងតែលើកទឹកចិត្តឲ្យមានការដាំដើមឈើ ដូចជាដាំដើមឈើជារបងសម្រាប់ផ្តល់ជាម្លប់ក្នុងទីធ្លា និងនៅកន្លែងលេងរបស់សិស្ស និងអមសងខាងផ្លូវក្នុងទីធ្លាសាលា ជាដើម ។ នៅពេលសាលារៀនមានម្លប់ឈើត្រឈឹងត្រឈៃ វានឹងទាក់ទាញឲ្យសិស្សានុសិស្សមានចិត្តចង់មកសាលារៀន និងមករៀនបានទៀងទាត់ ជាពិសេសជួយធ្វើឲ្យលទ្ធផលនៃការសិក្សារបស់ពួកគេ កាន់តែប្រសើរ” ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានធ្វើការកត់សម្គាល់ថា ព្រៃឈើ “គឺជាដង្ហើមនៃភពផែនដីរបស់យើង” និងមានសារសំខាន់ណាស់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី ។ “ដើមឈើ ជួយកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដោយវាស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងបញ្ចេញមកវិញនូវអុកស៊ីសែនដើម្បីកាត់បន្ថយការបំពុលនៃខ្យល់” ។ ឯកឧត្តមក៏បានផ្ញើសារឲ្យប្រជាជនទាំងអស់ជួយការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះផងដែរ។ “តាមរយៈកម្មវិធីដ៏ល្អនេះ យើងចង់ឃើញនិរន្តរភាពនៃដើមឈើដែលយើងដាំ និងលើកកម្ពស់ការដាំកូនឈើទូទាំងប្រទេសដែលស្របទៅនឹងទិសដៅរបស់អង្គការសហប្រជាជាតិក្នុងការទប់ស្កាត់កុំឲ្យមានវាលរហោស្ថាន” ៕ស តារា
ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមដាំកូនឈើដើម្បីកម្ពុជាកាន់តែបៃតង
ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមដាំកូនឈើដើម្បីកម្ពុជាកាន់តែបៃតង
ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមដាំកូនឈើដើម្បីកម្ពុជាកាន់តែបៃតង