ភ្នំពេញ៖ លោក អ៊ឹម ឈុនលឹម រដ្ឋមន្ដ្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់បានបញ្ជាក់ថា កម្ពុជាពិតជា មានមោទនភាពណាស់នៅឆ្នាំ២០១៥នេះ ទុនវិនិយោគលើវិស័យសំណង់នៅទូទាំង ប្រទេសមានចំនួន២,៩៣៦លានដុល្លារ អាមេរិក បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤មានការកើនឡើងចំនួន ២៧ភាគរយ ក្នុងនោះទុនវិនិយោគលើ សំណង់អគារខ្ពស់ៗ ដែលមានកម្ពស់ ចាប់ពី១០ជាន់ដល់៥៥ជាន់មានចំនួន ៥៦អគារដែលមានតម្លៃទុនវិនិយោគ ប្រមាណ១,៥៨១លានដុល្លារអាមេរិក ស្មើនឹង៥៤ភាគរយនៃទុនវិនិយោគសរុប ។
កំណើនទុនវិនិយោគលើវិស័យសំណង់ នៅកម្ពុជាមានការកើនឡើងយ៉ាងគំហុក បែបនេះដោយសារកម្ពុជាមានស្ថិរភាព នយោបាយលើកកម្ពស់វិស័យឯកជន ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួន ចូលជាសមាជិកសេដ្ឋកិច្ចអាស៊ាននៅ ដំណាច់ឆ្នាំ២០១៥នេះផងដែរ ។
លោក អ៊ឹម ឈុនលឹម បានបញ្ជាក់ បែបនេះក្នុងខណៈដែលលោកចូលរួម ជាអធិបតីបើកមហាសន្និបាតបូក សរុបការងារលើកទី៤របស់សមាគម អ្នកសាងសង់កម្ពុជា និងបើកពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ។
លោក អ៊ឹម ឈុនលឹម បានបញ្ជាក់ ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាមាន មោទនភាពណាស់ដោយថ្ងៃនេះសមាគមអ្នកសាងសង់កម្ពុជាបានរៀបចំធ្វើមហាសន្និបាតជួបជុំសមាជិកសហគ្រាសក្រុមហ៊ុនតូចធំ ដើម្បីអ្នកសមាជិកទាំងនោះ ទទួលបានព័ត៌មានអំពីសកម្មភាព និង សមិទ្ធផលនានាដែលសមាគមសម្រេចបាន មិនតែប៉ុណ្ណោះក៏ជាឱកាស ដើម្បី ធ្វើការផ្លាស់ប្ដូរយោបល់ ចែករំលែក បទពិសោធន៍និងចំណេះដឹងទៅវិញទៅ មកព្រមទាំងមានការដាក់តាំងបង្ហាញសម្ភារពិព័រណ៍ដែលមានស្ដង់ចំនួន២៥០ស្ដង់ដោយបានដាក់តាំងនូវផលិតផល គ្រប់ប្រភេទផងដែរ ។
លោកបានបញ្ជាក់ថា នេះដោយសារ មានការជឿជាក់លើស្ថិរភាព នយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម នយោបាយ សេដ្ឋកិច្ច សេរីបើកចំហ ជាមួយនឹងលក្ខ ខណ្ឌវិនិយោគដែលមានការជំរុញលើក ទឹកចិត្ដរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ដ្រី ។ បើយើងពិនិត្យលើស្ថានភាព ជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច នៅកម្ពុជា បច្ចុប្បន្ននេះទុនវិនិយោគក្នុងវិស័យសំណង់ ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៤ មានអ្នកវិនិយោគគេបានបោះទុនរួមគ្នា វិនិយោគលើវិស័យនេះជាមធ្យមចំនួន ២.៧៧៣លានដុល្លារអាមេរិករហូតមក ដល់ឆ្នាំ២០១៥នេះទុនវិនិយោគសរុបលើវិស័យនេះមានរហូតដល់២.៩៣៦លានដុល្លារអាមេរិក ។
លោក ពុង ឃាវសែ ប្រធានសមាគម អ្នកសាងសង់កម្ពុជាបានបញ្ជាក់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងកិច្ចសហប្រតិបត្ដិការជាមួយវិស័យឯកជននៅឆ្នាំ២០១៥នេះសមាគមអ្នកសាងសង់កម្ពុជាដែលមានសមាជិកចំនួន១១០ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលជាសមាជិកបេក្ខភាព និងត្រូវជ្រើសតាំងឱ្យធ្វើជាប្រធាននៃ គណៈកម្មការសហប្រតិបត្ដិការឧស្សាហកម្មសម្ភារសំណង់ចិន-អាស៊ាន និងបន្ថែម មួយទៀតនោះសមាគមអ្នកសាងសង់ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ ដើម្បីចូលជាសមាជិកសហព័ន្ធ អន្ដរជាតិនៃសមាគមអ្នកសាងសង់ អាស៊ី និងប៉ាស៊ីហ្វិកខាងលិច ដែលមាន សមាជិកចំនួន១៦ប្រទេសក្នុងនោះមាន ប្រទេស បង់ក្លាដែស,ឥណ្ឌា,កូរ៉េ,នេប៉ាល់ ហុងកុង, ឥណ្ឌូនេស៊ី ,ម៉ាល់ឌីវ , អូស្ដ្រាលី ម៉ាឡេស៊ី,ស្រីលង្កា, ញូវហ្សេឡែន, ជប៉ុន, ហ្វីលីពីន,សិង្ហបុរី,ថៃឡង់ដ៍ និងតៃវ៉ាន់ ។
លោក ពុង ឃាវសែ បានបញ្ជាក់ ថា ភាពជោគជ័យរបស់សមាគមអ្នកសាងសង់កម្ពុជាក្នុងឱកាសបានចូលខ្លួនប្រកួតប្រជែធ្វើជាប្រធាននៃគណៈកម្មការ សហប្រតិបត្ដិការឧស្សាហកម្មសម្ភារ សំណង់ចិន-អាស៊ាន នាឆ្នាំ២០១៥នេះ គឺដោយសាររាជរដ្ឋាភិបាលកម្ពុជាបាន គាំទ្រនិងដាក់ចេញនូវគោលនយោបាយផ្ដល់សិទ្ធិគ្រប់គ្រាន់និងលើកទឹកចិត្ដ ក៏ ដូចជាការបង្កលក្ខណៈងាយស្រួយឱ្យដល់ អ្នកវិនិយោគទុនទាំងឡាយមកធ្វើការ បណ្ដាក់ទុនរកស៊ីនៅព្រះរាជាណាចក្រ កម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ ។
រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ដ៏ឈ្លាសវៃ បានរុញច្រាននាវាកម្ពុជាតាមរបបលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្សបានប្រែ ក្លាយកម្ពុជាទៅជាប្រទេសសម្បូណ៌សប្បាយ រុងរឿង ល្បីរន្ទឺខ្ចរខ្ចាយទៅបណ្ដាប្រទេស ជាសមាជិកអាស៊ាននៅអាស៊ី និងនៅ អឺរ៉ុប ។ លោកបន្ដថាដោយផ្អែកលើគោល នយោបាយដ៏រឹងមាំនេះ ហើយសមាគម អ្នកសាងសង់កម្ពុជាបានតាំងចិត្ដកៀរគរសមាជិកខ្លួនបច្ចុប្បន្នមានចំនួន៦៦ក្រុមហ៊ុនតែក្នុងរយៈពេល៤ឆ្នាំប៉ុណ្ណោះសមាជិកសមាគមអ្នកសាងសង់កម្ពុជា មិន ត្រឹមតែមានសមាជិកក្នុងប្រទេសប៉ុណ្ណោះទេគឺមានសមាជិកមកពីប្រទេសចិន , ជប៉ុន , កូរ៉េ , ថៃឡង់ដ៍, សិង្ហបុរី , ស៊ុយអែត ស្វីស , ម៉ាឡេស៊ី , អាល្លឺម៉ង់ ,បារាំង និង វៀតណាម ៕
ដោយ៖ សំរិត