ភ្នំពេញ៖ អ្នកស្រីសៅសាក់មានអាយុ ៦២ ឆ្នាំមានស្រុកកំណើតនៅស្រុកកំពង់ពោធិ៍រៀងខេត្តព្រៃវែង ជាសាក្សីថ្មីមួយរូបទៀតដែលត្រូវបានកោះហៅដោយអង្គជំនុំជម្រះសាលាដំបូងដើម្បីស្តាប់សក្ខីកម្មទាក់ទងនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួនជានិងខៀវសំផនក្នុងសំណុំរឿង ០០២/០២។
អ្នកស្រីបានថ្លែងថាអ្នកស្រីមានម្តាយជាជនជាតិវៀតណាម និងបានរស់នៅទីនោះក្នុង អំឡុងពេលនៃរបបខ្មែរក្រហម និងឱ្យដឹងថាមានគ្រួសារជនជាតិវៀតណាម និងមានកូនកាត់វៀតណាមប្រមាណជាបីគ្រួសារ។ សាក្សីបានរៀបរាប់ថានៅអំឡុងឆ្នាំ ១៩៧៨ ក្រុមខ្មែរក្រហមបានកោះហៅម្តាយអ្នក ស្រីទៅប្រជុំ ដោយនាំទៅជាមួយនូវកូនស្រីរបស់អ្នកស្រីម្នាក់ផងដែរ។អ្នកស្រីបានដឹងថាម្តាយរបស់អ្នកស្រីត្រូវបាន ឃាត់ខ្លួន ដោយមិនដឹងថាមានកំហុសអ្វីឡើយ។
អ្នកស្រីបានលើកឡើងថា អ្នកដែលមានជាប់សែស្រឡាយវៀតណាមតែងតែត្រូវបានក្រុមខ្មែរក្រហមចាប់ខ្លួន និងមិនបានទទួលដំណឹងរហូត។ អ្នកស្រីបានថ្លែងថាខ្មែរក្រហមបានចាប់ខ្លួនទៅលើជនជាតិវៀតណាម និងអ្នកជាប់សែស្រឡាយវៀតណាម និងគេបាននិយាយថាបញ្ជូនទៅប្រទេសវៀតណាមវិញ ប៉ុន្តែលោកស្រីបានថ្លែងថាក្រោយមកបានដឹងថា ជនជាតិ វៀតណាម និងអ្នកជាប់សែស្រឡាយទាំងនេះត្រូវបានគេសម្លាប់ចោល។
ការផ្តល់សក្ខីកម្មរបស់សាក្សី សៅ សាក់ ធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់ការស្តាប់សក្ខីកម្ម របស់ដើមបណ្តឹងរដ្ឋប្បវេណី ប្រាក់ ឌឿន។ នៅចុងក្រោយនៃការផ្តល់សក្ខីកម្មរបស់ខ្លួន លោកប្រាក់ ឌឿន បានថ្លែង ថារហូតមកទល់ពេលនេះគឺលោកនៅតែមានភាពតក់ស្លុតចំពោះការបាត់បង់ក្រុមគ្រួសាររបស់គាត់ទាំងម្តាយ ប្រពន្ធ កូនៗរបស់គាត់ ព្រមទាំងបានទាមទារសំណងពីតុលាការផងដែរ។ លោកប្រាក់ ឌឿន បានថ្លែងថា ខ្មែរក្រហមបានសម្លាប់កូនក្មេងដោយបោះឡើងលើនិងចាក់នឹងចំពុះទុងកាំភ្លើងរបស់របស់ខ្លួនរាប់ទាំងកូនរបស់គាត់ផង។
លោកបានថ្លែងប្រាប់អង្គសវនាការថាខ្មែរក្រហមបានធ្វើបញ្ជីឈ្មោះជនជាតិវៀតណាមក្រុមគ្រួសារខ្មែរដែលបានរៀបការជាមួយជនជាតិវៀតណាម។ លោកថ្លែងថាប្រជាជននៅតំបន់នោះដែលចង់បានដំឡូងនិងរបស់ហូបមួយចំនួនពីក្រុមខ្មែរក្រហមបានរាយការណ៍ពីវត្តមានរបស់ក្រុមគ្រួសារដែលមានជាប់សែស្រឡាយទៅកម្មាភិបាលខ្មែរក្រហមបានដឹង។លោកបានខិតខំក្នុងការដូរឈ្មោះកូនៗរបស់គាត់ពីឈ្មោះវៀតណាមមកជាឈ្មោះខ្មែរទាំងអស់នៅពាក់កណ្តាលឆ្នាំ ១៩៧៦ ដើម្បីពួកគេបានរស់រានមានជីវិត។
យោងតាមដីកាដំណោះស្រាយគោលនយោបាយមួយក្នុងចំណោមគោលនយោបាយចំនួន ៥ ដែលអនុវត្តដោយបក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) ដើម្បីការពារបដិវត្តន៍សង្គមនិយមគឺការដាក់ក្រុមជាក់លាក់ ជាគោលដៅតាមរយៈការប្រើប្រាស់មធ្យោបាយចាំបាច់នានា។
ទាក់ទងនឹងផ្នែកស្តីពីជនជាតិវៀតណាមដីកាដំណោះស្រាយគូសបញ្ជាក់ថាគោលនយោបាយនេះមានអត្ថិភាពនៅមុនឆ្នាំ ១៩៧៥ និងរីករាលដាលពេញមួយរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យយ៉ាងហោចណាស់រហូតដល់ថ្ងៃទី ០៦ ខែមករាឆ្នាំ ១៩៧៩។
កាលពីដំបូងប.ក.ក ត្រូវបានចោទប្រកាន់ថាបានផ្តោតទៅលើការបណ្តេញជនជាតិវៀតណាមទាំងអស់ពីទឹកដីកម្ពុជា និងបញ្ជូនពួកគេទៅប្រទេសវៀតណាមវិញ។ ដីកាដំណោះស្រាយបានចោទប្រកាន់ថានួនជានិងខៀវសំផនជាអ្នកទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌជាលក្ខណៈបុគ្គលចំពោះឧក្រិដ្ឋកម្មទាំងឡាយដែលបានប្រព្រឹត្តមកលើក្រុមជនជាតិវៀតណាមក្នុងអំឡុងពេលខាងលើតាមរយៈតួនាទីនានារបស់ពួកគាត់ក្នុងជួរប.ក.ក ។
អង្គជំនុំជម្រះសាលាដំបូងនឹងបន្តសវនាការនៅថ្ងៃចន្ទសបា្តហ៍ក្រោយដោយបន្តស្តាប់សក្ខីកម្មរបស់សាក្សីសៅសាក់ ហើយសាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួនទៀតក៏ត្រូវកោះហៅមកផ្តល់សក្ខីកម្មផងដែរ ៕