សង្ក្រាម​ រវាងអ៊ុយក្រេន និងរុស្ស៊ី កំពុងតែខិតជិត​?

ចែករំលែក៖

អគ្កមេបញ្ជាការកងទ័ពអ៊ុយក្រែន​ Ihor Voronchenko ​បានព្រមានថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន កំពុងតែ បង្កើនសកម្មភាព ធ្វើសង្គ្រាមរវាងប្រទេសទាំងពីរ ។

តាមសារព័ត៌មាន US news បានផ្សាយថា៖ ក្រុមអ្នកឯកទេសវិភាគ​បានព្យាករណ៍​ពីសង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រេន​នៅតំបន់សមុទ្រ ខ្មៅ​ កាន់តែបង្ហាញនៅរូបរាង ហើយ។ ពាក់ព័ន្ធនិងការវិភាគខាងលើ មេបញ្ជាការកងទ័ពជើងទឹក អ៊ុយក្រែន លោក​ Ihor Voronchenko បានបញ្ជាក់ថា​រុស្ស៊ី កំពុងតែជំរុញ បង្កើនការចងគំនុំជាមួយអ៊ុយក្រេន តាមរយៈការបញ្ជាដោយផ្ទាល់ពី លោកពូទីន។

លោក Ihor Voronchenko បានបញ្ជាក់ថា «អំណាចគ្រប់យ៉ាង របស់រុស្ស៊ី គឺស្ថិតនៅលើដៃលោកពូទីនតែម្នាក់ »។ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែខ្លាំងឡើង​ក្រោយទីក្រុងមូស្កូចាប់នាវាចម្បាំងអ៊ុយក្រែន ៣គ្រឿងនិងនាវឹក​២៤នាក់​ ដោយចោទប្រកាន់ថា​បានឈ្លានពានទឹកដី ប្រទេសរុស្ស៊ី នៅតំបន់សមុទ្រ​ Kerch ​តភ្ជាប់ជាមួយ សមុទ្រខ្មៅ និង​ Azov ​។ សកម្មភាពទាំងនោះ បានជម្រុញឲ្យប្រទេសទាំងពីរ ឆ្ពោះទៅរកសង្គ្រាម ។

ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន បង្កើនកម្តៅ កាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។​កន្លងមក ថ្មីៗ វិមានគ្រឹមឡាំង​បាននិយាយថា ការសម្រេចចិត្ត​របស់​អ៊ុយក្រែន​ក្នុង​ការមិន​បន្ត​សុពលភាពលើសន្ធិសញ្ញា​មិត្តភាព​ជាមួយរុស្ស៊ី គឺជារឿងគួរ​ឱ្យសោកស្ដាយ​ជាទីបំផុត និងប្រឆាំង​នឹងផលប្រយោជន៍​របស់ប្រជាជន​អ៊ុយក្រែន។

ថ្លែងប្រាប់អ្នក​សារព័ត៌មានក្នុង​ទីក្រុងម៉ូស្គូ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ អ្នកនាំពាក្យ​វិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានលើកឡើង​យ៉ាងដូច្នេះថា «យើងបានត្រឹមតែសម្ដែងការ​សោកស្ដាយ​ប៉ុណ្ណោះ ចំពោះការសម្រេច​ចិត្តដ៏ឆាប់រហ័សរបស់​ថ្នាក់ដឹកនាំ​អ៊ុយក្រែន ហើយជាការ​យល់ឃើញ​របស់យើង ការសម្រេចចិត្តនេះ​គឺការមិនគោរពដល់​ប្រជាជន និងផលប្រយោជន៍​របស់ខ្លួន​ឯង»។
គួរបញ្ជាក់ថា ប្រធានាធិបតី​អ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) បានចុះហត្ថលេខា​លើច្បាប់មួយ​ ដើម្បីបញ្ចប់​សន្ធិសញ្ញា​មិត្តភាព​កិច្ចសហប្រតិបតិ្តការ និងភាពជាដៃ​គូ រវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានធ្វើឡើង​កាលពី​ឆ្នាំ១៩៩៧។ ភាពតានតឹង រវាងទីក្រុងកៀវ និង​ទីក្រុងម៉ូស្គូ បានផ្ទុះឡើង​ជាថ្មីក្រោយមាន​ការប៉ះទង្គិចគ្នា និងការរឹបអូសទូក​អ៊ុយក្រែនជាច្រើន​គ្រឿង ពីសំណាក់រុស្ស៊ី​នៅឯច្រក​សមុទ្រ Kerch។ ប៉ុន្តែ​តាមការពិតភាពតានតឹង​រវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើង​តាំងតែពី ឆ្នាំ២០១៤មកម្ល៉េះ ក្រោយរុស្ស៊ី​ក្រសោបយកតំបន់ឧបទ្វីបគ្រីមៀ​ពីអ៊ុយក្រែន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print