ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនប្រធានសហជីពកម្មករសំណង់ម្នាក់ដែលមានមូលដ្ឋាននៅប្រទេសថៃ ដាក់ពន្ធនាគារ ពាក់ព័ន្ធការផលិតខ្សែវីដេអូរឿង “ម្ដាយខ្ញុំលក់ខ្ញុំ”។
លោក លី សុផាណា អ្នកនាំពាក្យតុលាការ បញ្ជាក់ថា ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នពីបទ ញុះញង់អោយមានការរើសអើង តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ ។
កាលពីសប្ដាហ៍មុន អ្នកស្រី ឡុង គីមហ៊ាងត្រូវជាភរិយាលោក រ៉ាត់ រដ្ឋមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នកស្រីឈ្មោះ រ៉ាត់ រដ្ឋមុនី ជាភ្នាក់ងារសារព័ត៌មានរុស្ស៊ីធូដេ RT ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាវិញតាមការស្នើសុំ ។
អ្នកស្រី ឡុង គឹមហ៊ាង អះអាងថា ការចាប់ខ្លួនស្វាមីពាក់ព័ន្ធការផលិតវីឌីអូឯកសារមួយមានចំណងជើងថា “ម្តាយខ្ញុំលក់ខ្ញុំ” របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។
សូមបញ្ជាក់ថា “ម្តាយខ្ញុំលក់ខ្ញុំ” និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និង រៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជាបានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បារព្រោះថាជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។ សមត្ថកិច្ចកម្ពុជាបានបកស្រាយថា វីឌីអូនោះគឺជាការប្រឌិតឡើងដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា ៕ ចេស្តា