ខេត្តកំពត ៖ ជនបរទេសប្រុសស្រីពីរនាក់និងស្ត្រីខ្មែរម្នាក់ត្រូវបានឃាត់ខ្លួនក្នុងបទសង្ស័យជាក្រុមជួញដែរគ្រឿង ញៀនបន្ទាប់ពីសមត្ថកិច្ចឆែកឃើញវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមជាមួយថ្នាំញៀនរាប់ពាន់គ្រាប់ទៀតផង ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរមន្ទីរប្រៃណីយ៍និងទូរគមនា គមន៍ខេត្តកំពតស្ថិតក្នុងភូមិ១ឧសភាសង្កាត់កំពង់កណ្តាល ក្រុងកំពត ។
នគរបាលក្រុងកំពត បានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ រួមមាន ១. ឈ្មោះ តាសដឺលែន អូនដឺ ( Tasdelen Onder ) ភេទប្រុស អាយុ ៣៧ឆ្នាំ, ២.ឈ្មោះ អែនចឺឡា អូរីប្យាណូវណា ( Anjerla Oribjanovna ) ភេទស្រី អាយុ ២៩ឆ្នាំ, ៣.ឈ្មោះ មុំ សុភា អាយុ ២៨ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា ប្រតិបត្តិការនេះសហការជាមួយកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានរួមគ្នាបង្ក្រាបករណីជួញ ដូរគ្រឿងថ្នាំញៀននៅចំណុចខាងលើដោយឆែកឆែរជនបរទេសប្រុសស្រីពីរនាក់ ព្រមទាំងស្ត្រីខ្មែរម្នាក់។ ជាលទ្ធ ផល សមត្ថកិច្ចបានរកឃើញទឹកថ្នាំសង្ស័យជាសារធាតុញៀនមួយកញ្ចប់ធំព្រមទាំងគ្រឿងញៀនប្រភេទអ៊ិចស្ត្រាស៊ីលចំនួន១.៥០៣គ្រាប់ទៀតផង។
វត្ថុតាងទាំងនេះត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ភ្លាមៗតែម្តង។ បន្ទាប់មក សមត្ថកិច្ចបានបន្តទៅឆែកឆេរនៅហាង FIREFLY ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរក្រុងកំពតរកឃើញគ្រឿង ញៀនមេតំហ្វេតាមីន៥០០គ្រាប់រួមទាំងប្រភេទថ្នាំសង្ស័យជាសារធាតុញៀន១៨០គ្រាប់ និងម៉ាទឹកកកទម្ងន់ ២៦៤,៨៦ក្រាមបន្ថែមទៀត ។
បច្ចុប្បន្ន ជនសង្ស័យឃាងលើរួមនឹងវត្ថុតាង ត្រូវបានកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ ៕ ប្រាថ្នា