ក្រុម​ជួញ​ដូរថ្នាំញៀនរាប់ពាន់គ្រាប់ ជាជនបរទេស​ប្រុស​ស្រី​ពីរ​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពត ៖ ជនបរទេស​ប្រុស​ស្រី​ពីរ​នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​បទ​សង្ស័យ​ជា​ក្រុម​ជួញ​ដែរ​គ្រឿង ញៀន​បន្ទាប់ពីសមត្ថកិច្ចឆែកឃើញ​វត្ថុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រួមជាមួយថ្នាំញៀនរាប់ពាន់គ្រាប់ទៀតផង ។

ប្រតិបត្តិការ​នេះ​ធ្វើឡើងកាលពី​រសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ​នៅត្រង់ចំណុច​ក្បែរ​មន្ទីរ​ប្រៃ​ណី​យ៍​និង​ទូរគមនា គមន៍​ខេត្តកំពត​ស្ថិតក្នុង​ភូមិ១ឧសភា​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។

នគរបាលក្រុង​កំពត បានឲ្យដឹងថា ជនសង្ស័យ​ទាំងបី​នាក់ រួមមាន ១. ឈ្មោះ តាស​ដឺ​លែ​ន អូន​ដឺ ( Tasdelen Onder ) ភេទ​ប្រុស អាយុ ៣៧ឆ្នាំ, ២.ឈ្មោះ អែន​ចឺ​ឡា អូ​រី​ប្យា​ណូ​វណា ( Anjerla Oribjanovna ) ភេទ​ស្រី អាយុ ២៩ឆ្នាំ, ៣.ឈ្មោះ មុំ សុភា អាយុ ២៨ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត។

សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពតបានឲ្យដឹងថា ប្រតិបត្តិការនេះសហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុងនៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​រួមគ្នាបង្ក្រាប​ករណី​ជួញ ដូរ​គ្រឿងថ្នាំញៀន​នៅ​ចំណុចខាងលើ​ដោយ​ឆែក​ឆែរ​ជនបរទេស​ប្រុស​ស្រី​ពីរ​នាក់ ព្រមទាំង​ស្ត្រី​ខ្មែរ​ម្នាក់។ ជា​លទ្ធ ផល សមត្ថកិច្ច​បាន​រកឃើញ​ទឹក​ថ្នាំ​សង្ស័យ​ជា​សារធាតុ​ញៀន​មួយកញ្ចប់​ធំ​ព្រមទាំង​គ្រឿងញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី​ល​ចំនួន១.៥០៣គ្រាប់ទៀតផង។

​វត្ថុតាង​ទាំងនេះ​ត្រូវបានសមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់ភ្លាមៗតែម្តង។ បន្ទាប់មក សមត្ថកិច្ច​បាន​បន្តទៅ​ឆែកឆេរ​នៅហាង FIREFLY ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​រកឃើញ​គ្រឿង ញៀន​មេ​តំ​ហ្វេ​តា​មីន៥០០គ្រាប់​រួមទាំង​ប្រភេទ​ថ្នាំ​សង្ស័យ​ជា​សារធាតុ​ញៀន១៨០គ្រាប់ និង​ម៉ា​ទឹកកក​ទម្ងន់ ២៦៤,៨៦ក្រាម​បន្ថែមទៀត ។

បច្ចុប្បន្ន ជនសង្ស័យឃាងលើរួមនឹងវត្ថុតាង ត្រូវបានកម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុងនៃ​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​កសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print