ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកកំរៀងបានសហការជាមួយមន្ត្រីការិយាល័យធម្មការនិងសាសនាស្រុក កាលពីថ្ងៃអង្គារ ១១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៨ បានចុះឆែកឆេរអាស្រមព្រះសង្ឃមួយអង្គ ដែលគង់នៅចំណុចភ្នំ៨២ ស្ថិតក្នុងភូមិចាំចាប ឃុំបឹងរាំង ស្រុកកំរៀង បន្ទាប់ពីមានការសង្ស័យថាសង្ឃអង្គនេះ មានលាក់ទុកកាំភ្លើងកែច្នៃនិងសម្ភារល្មើសច្បាប់មួយចំនួន ។
មន្រ្តីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ភិក្ខុសង្ឃអង្គនោះ នាម ហ៊ន អង អាយុ៣២ឆ្នាំ បច្ចុប្បន្នគង់នៅអាស្រមចំណុចភ្នំខាងលើនេះ។បន្ទាប់ពីមានប្រជាពលរដ្ឋល្អរាយការណ៍ ពីសកម្មភាពលោកសង្ឃមួយអង្គបានលាក់អាវុធខុសច្បាប់នោះសមត្ថកិច្ចនគរបាលស្រុកកំរៀងនិងអនុគណស្រុក រួមទាំងមន្ត្រីធម្មការផង បានចុះត្រូតពិនិត្យនិងឆែកឆេរនៅក្នុងអាស្រមអង្គនេះ ដោយរកឃើញវត្ថុតាងមួយចំនួន រួមមានដកកាំភ្លើងខ្យល់បាញ់គ្រាប់កង់ចំនួន១ដើម, កាំភ្លើងខ្លីមិនស្គាល់ម៉ាក១ដើម(ខូចគុណភាព) តែមានបង់១ និងគ្រាប់ចំនួន៩គ្រាប់, ខ្នោះដៃ១គូ, វិទ្យុទាក់ទងម៉ាកMOTOROLA ១គ្រឿង, ដាវសាមូរ៉ៃ១ដើម, កាំបិតចំពុះទុង១ដើម និងមួកនគរបាល១ ។
សមត្ថកិច្ចបានប្រាប់ថា ជាមួយនឹងការចុះឆែកឆេនេះ មន្ត្រីជំនាញបានធ្វើតេស្តទឹកនោមភិក្ខុសង្ឃអង្គនេះរកឃើញថា សង្ឃអង្គនេះមានផ្ទុកសារធាតុញៀនទៀតផង ។ បន្ទាប់ពីធ្វើការដកហូតនូវវត្ថុតាងទាំងនោះ មន្ត្រីធម្មការ និងលោកគ្រូអនុគណស្រុកកំរៀង បានចាប់ផ្សឹកអង្គនេះប្រគល់ជូនសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតតាមច្បាប់ ៕
ដោយ៖ សហការី