ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីសាលាស្រុកអូរជ្រៅម្នាក់បានបើកបរម៉ូតូក្នុងល្បឿនលឿនប្រញាប់ចូល ធ្វើការងារឲ្យទាន់ពេល បែរជាភ្លេចមើលមុខក៏ទៅប៉ះព្រះសង្ឃមួយអង្គកំពុងនិមន្តបិណ្ឌបាតតាមដងផ្លូវជាតិបណ្តាលឲ្យព្រះអង្គដួលផ្ងារក្រោយបែកព្រះកេស និងអ្នកបើកបរម៉ូតូដួលសន្លប់នៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹក ថ្ងៃពុធ ១២ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅដងផ្លូវជាតិលេខ៥ ត្រង់ចំនុចមុខសាលារៀនបឋមសិក្សាវាំងមួងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មណ្រ្តនគរបាលចរាចរស្រុកអូរជ្រៅបានឲ្យដឹងថា មុនពេលកើតហេតុការណ៍មានព្រះសង្ឃមួយអង្គកំពុងតែនិមន្តតាមថ្នល់ដើម្បីបិណ្ឌបាត្រស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរទិសដៅខាងលិចទៅកើតស្របទិសដៅគ្នា ក្នុងល្បឿនលឿន រួចមកដល់កន្លែងកើតហេតុ បានប៉ះ ព្រះសង្ឃបណ្តាលឲ្យដួលផ្ងារក្រោយ។ ចំណែកអ្នកជិះម៉ូតូបង្កនោះបានផ្លោងទៅប៉ះថ្នល់ជាតិសន្លប់និងបែកមុខយ៉ាងដំណំ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះជាព្រះសង្ឃព្រះនាមឃុន យោន ព្រះជន្ម៥៨ឆ្នាំ គង់នៅវត្តរតនៈនិមិត្ត ឃុំកូប ស្រុកអូរជ្រៅ របួសត្រង់ពីបែកចំហៀងព្រះកេសខាងឆ្វេង។ឯបុរសបង្កហេតុមានឈ្មោះសេត ប៊ុនឡាយ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីសាលាស្រុកអូរជ្រៅ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យនិង សព្វថ្ងៃស្នាក់នៅសាលាស្រុកអូរជ្រៅ។ ជនបង្កហេតុការណ៍នោះ រងរបួសធ្ងន់ជាងព្រះសង្ឃកំពុងដេកព្យាបាលនៅមណ្ឌលសុខភាពឃុំកូប និងព្រះសង្ឃដែលរងរបួសស្រាលបាននិមន្តទៅវត្តវិញ រង់ចាំការដោះស្រាយពេលក្រោយ ៕