ខេត្តស្វាយរៀង ៖ មន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង នៅក្រុងបាវិត ត្រូវបានលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងសមត្ថកិច្ចពាក់ពន្ធ័ចុះបិទខណះដែលបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាតនិងចាក់ថ្នាំឲ្យអ្នកជម្ងឺស្លាប់។
ការចុះបិទមន្ទីរសម្រាកព្យាបាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដឹកនាំដោយលោកវេជ្ជបណ្ឌិត វន វិណារ៉ា ប្រធានលេខាធិការដ្ឋាន និងជាមន្រ្តីនគរបាលយុត្តិធម៌មន្ទីរសុខាភិបាល និងមានការចូលរួមសហការពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត និងសមត្ថកិច្ចដែលពាក់ពន្ធ័។
យោងតាមមន្ត្រីលេខាធិការដ្ឋានម្នាក់ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានអញ្ជើញម្ចាស់សេវាមន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង ដែលបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាត មកបំភ្លឺនិងបង់ប្រាក់ផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់សេវាសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ម្តងរួចមកហើយ។
ប៉ុន្តម្ចាស់សេវាខុសច្បាប់មួយនេះ មិនព្រមមកបង់ប្រាក់ពិន័យ ហើយនៅតែបន្តការផ្តល់សេវា ដោយមិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ ។
ប្រភពបន្តថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្តបានចេញលិខិតអញ្ជើញមួយទៀត អញ្ជើញម្ចាស់សេវាខុសច្បាប់មួយនេះ មកបង់ប្រាក់ពិន័យ និងទទួលការណែនាំជាលើកចុងក្រោយ ក្នុងការស្នើសុំច្បាប់បើកសេវាឯកជនមួយនេះទៅក្រសួងសុខាភិបាល និងបញ្ឈប់ការផ្តល់សេវាមួយរយៈសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ។
ប៉ុន្តែទោះបីជាបានធ្វើកិច្ចសន្យា ចំនួន ០២ដង រួចមកហើយក្តី ក៏មន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង នៅតែមិនព្រមបញ្ឈប់ការផ្តល់សេវារបស់ខ្លួនទេ ថែមទាំងទទួលព្យាបាលជំងឺធ្ងន់ៗ និងបង្កឲ្យមានអ្នកជំងឺម្នាក់ឈ្មោះ គឹម ធារ៉ា ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ស្លាប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ខណៈមានអាការៈចុកពោះ ហើយត្រូវគ្រូពេទ្យបានដាក់សេរ៉ូម ប៉ុន្តែចាក់សរសៃមិនចូលសោះ រហូតដល់ម៉ោង ៥ជាង ទើបចាក់សេរ៉ូមចូល រួចចាក់ថ្នាំ១ម្ជុល ព្រមទាំងឲ្យថ្នាំលេបម្តង ។
បន្ទាប់មកមួយសន្ទុះអ្នកជម្ងឺមានអាការៈ ចុកខ្លាំង ចាប់ផ្តើមប្រកាច់ស្លេះឡើងទើបគ្លីនិកបានបញ្ជូនតាមរថយន្តសង្រ្គោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ប៉ុន្តែទៅមិនទាន់ដល់ឃុំជីភូផងអ្នកជម្ងឺដាច់ខ្យល់ស្លាប់ទៅ រួចក៏ដឹកសព ត្រឡប់មកវិញ ។
មន្ត្រីលេខាធិការដ្ឋានបានបញ្ជាក់ទៀតថាដើម្បីលុបបំបាត់សេវាសុខាភិបាលខុសច្បាប់នេះឱ្យមានប្រសិទ្ធភាព ត្រូវតែមានការចូលរួមសហការពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត សមត្ថកិច្ចមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដោយអនុវត្តតាមគោលការណ៍ច្បាប់ជាធំ ។ បើពុំដូច្នោះទេ សេវាសុខាភិបាលខុសច្បាប់នៅក្នុងខេត្តស្វាយរៀងនិងរីកស្គុះស្គាយដូចផ្សិតជាក់ជាមិនខានឡើយ ។
ពាក់ពន្ធ័និងករណីខាងលើនេះអ្នកសារព័ត៌មាននគរវត្តមិនអាចសុំការពន្យល់ណាមួយពីម្ចាស់មន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាងបាននោះទេនារសៀលថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨នេះ ៕ យឹម សុថាន