ខេត្តកោះកុង ៖ កត្តាមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ ធ្វើឲ្យអ្នកបើកបររថយន្តកូរ៉េដឹកក្រុមភ្លេងធ្លាក់ជ្រោះបណ្តាលឲ្យមនុស្ស៤នាក់បានបាត់បង់ជីវិត និង១១នាក់ទៀតរងរបួសធ្ងន់ស្រាល នៅចំណុចអន្ទង់អាំងធំ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៨នេះ ។
មន្ត្រីនគរបាលខេត្តកោះកុងបានឱ្យដឹងថា ពិតជាមានករណីរថយន្តក្រឡាប់ គឺបើកបរក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ ស្រី២នាក់ និងរងរបួសធ្ងន់៥នាក់ ស្រី៣នាក់ និងរបួសស្រាល៦នាក់ ស្រី១នាក់ ។ នគរបាលថា ករណីនេះដោយសារអ្នកបើកបរមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរប្រើល្បឿនលឿន ពេលចុះចំណោត ជាន់ហ្រ្វាំងមិនស៊ី ដាក់លេខមិនចូល ។
មន្ត្រីនគរបាលបន្តថា រថយន្តខាងលើ ប្រភេទរថយន្តកូរ៉េ ពណ៌ស ធ្វើដំណើរពីខេត្តកំពង់ស្ពឺ មកខេត្តកោះកុង ជាក្រុមភ្លេង ដើម្បីមកច្រៀងក្នុងពិធីមង្គការរបស់ប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ស្រុកកោះកុង ។ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ចេញពីផ្លូវចូលជ្រោះជ្រៅ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលខេត្តកោះកុងបានបង្ហាញឈឈ្មោះអ្នកស្លាប់ និងអ្នករងរបួសដូចខាងក្រោម ៖
អ្នកស្លាប់
១/ ចាន់ ណា អាយុ២១ឆ្នាំ ស្រី (គងពិសី កំពង់ស្ពឺ)
២/ សា រឿន អាយុ៥៧ឆ្នាំ ភេទប្រុស , ៣/ ស្រីនាង អាយុ២៣ឆ្នាំ ភេទស្រី ,៤/ សូយ អាយុ១៨ឆ្នាំ ភេទប្រុស ។
អ្នករបួសធ្ងន់
៥/ ស ស្រីឌឿន អាយុ១៨ ភេទស្រី នៅស្រុកគងពិសី កំពង់ស្ពឺ ,៦/ ហៃ ចំរេីន អាយុ២១ឆ្នាំ ភេទប្រុស ,៧/ សេង ចន្នី អាយុ២៤ឆ្នាំ ភេទស្រី ,៨/ សាវ៉ាត់ អយុ២៤ ភេទប្រុស ។
អ្នករងរបួសស្រាល
៩/ សុីម សេម ភេទប្រុស អាយុ២៨ឆ្នាំ នៅស្រុកគងពិសី កំពង់ស្ពឺ ,១០/ ម៉ែន ស៊ុយ ភេទប្រុស អាយុ២០ ឆ្នាំ ,១១/ ហា ស្រីពៅ ភេទស្រី អាយុ៣៦ឆ្នាំ ,១២/ រស់ សាវីត ភេទប្រុស អាយុ២៤ឆ្នាំ ,១៣/ សំ សាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ, ១៤/ រចនា ស្រី អាយុ១៧ឆ្នាំ ,១៥/ សុីម សិត ភេទប្រុស អាយុ២៧ឆ្នាំ ។
បច្ចុប្បន្នអ្នករងរបួសត្រូវបានដឹកមកកាន់មន្ទីរពេទ្យដែលនៅក្បែរៗនោះ ដើម្បីសង្គ្រោះបឋម និងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត ៕ ជាយក្រុង