ខេត្តបន្ទាយមានជ័យ៖ គ្រាន់តែរយៈពេល១ឆ្នាំ២០១៥ពលករខ្មែរប្រុសស្រីដែលបានឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួននិងបញ្ចូនត្រឡប់ចូលស្រុកខ្មែរវិញតាមច្រកអន្តរជាតិប៉ោយប៉ែតសរុប៥៥.៦២៦នាក់(ប្រាំម៉ឺន ប្រាំពាន់ ប្រាំមួយរយម្ភៃប្រាំមួយនាក់)ក្នុងចំណោមពលករខ្មែរដែលត្រូវបានចាប់បញ្ចូនមកនោះមានពលករ៩០១នាក់ក៏ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួននៅក្នុងពន្ធនាគារផងនោះទៀត។
នេះបើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញរបាយឱ្យដឹងនៅប្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ។ ការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរខាងលើត្រូវគេមើលឃើញថា ពួកគាត់លួចចាកចេញតាមច្រករបៀង និងច្រកអន្តរជាតិ តាមរយៈការអូសទាញពីមេខ្យល់ និងការចាកចេញដោយខ្លួនឯង ។
សូមបញ្ជាក់ថាការចាកចេញឆ្លងដែនខុសច្បាប់របស់ពលករខ្មេរទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវគេមើលឃើញថាមានការប្រឈមហានិភ័យខ្ពស់ទៅលើបញ្ហាចំពោះមុខ ដូចជាត្រូវបានទាហានថៃបាញ់សម្លាប់ចាប់ដាក់គុកធ្វើទារុណកម្ម ចាញ់បោកមេខ្យល់កេងកម្លាំងពលកម្ម រង់ការចាញ់បោក ជួញដូរមនុស្សទៅប្រទេសទី៣ ពលករស្ត្រីរងការរំលោភបំពានផ្លូវភេទនិងការជិះរថយន្តរត់គេចពីតម្រួតថៃ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់និងរងរបួសជាដើមនោះ។បញ្ហាប្រឈមទាំងនេះ កន្លងមកត្រូវគេមើលឃើញថា មានពលករខ្មែរមួយចំនួនបានជួបនិងកើតឡើងជាបន្តបន្ទាប់បែបនោះរួចមកហើយផងដែរ។
តាមរយៈនៃការបញ្ចៀសបញ្ហាប្រឈមប្រកបដោយគ្រោះថ្នាក់ខាងលើការរិតបន្តឹងទៅលើវិធានការបង្ក្រារទប់ស្កាត់ ត្រូវបានដាក់ចេញ ។កន្លងមកគេឃើញថានគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាបផ្ទាល់របស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបានដាក់់ចេញនូវផែនការដល់កម្លាំងការិយាល័យជំនាញ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនត្រូវចុះសហការជាមួយនិងនគរបាលតាមវរៈការពារព្រំដេនគោកទាំង៤ ឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ ត្រូវធ្វើយ៉ាងណាចុះទប់ស្កាត់និងអប់រំពលករខ្មែរ បម្រុងចាកចេញដោយខុសច្បាប់ឱ្យពួកគាត់បង្វែមកបំពេញបែបបទចូលទៅធ្វើការងារនៅក្នុងប្រទេសថៃស្របច្បាប់វិញ។គ្រាន់តែរយៈពេល១ឆ្នាំ២០១៥ នគរបាលខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ពលករខ្មែរបម្រុងទៅរកការងារធ្វើខុសច្បាប់ចំនួន៤១លើកសរុបពលករ៧១១នាក់ក្នុងនោះស្រី២៣៨នាក់ កុមារ៧៤នាក់។
វិធានការរិតបន្តឹងបង្ការទប់ស្កាត់ពីសំណាក់នគរបាលខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថានៅតែបន្តអនុវត្តជាពិសេសការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត រយៈពេល២ថ្ងៃចុងក្រោយនេះ ធ្វើការទប់ស្កាត់ពលករខ្មែរប្រុសស្រីចំនួន៣៨នាក់បន្ថែមទៀត ខណៈដែលពលករទាំងនោះជិះរថយន្ត៣គ្រឿងចាកចេញពីខេត្តកំពង់ធំ កំពង់ឆ្នាំង និងបន្ទាយមានជ័យបម្រុងឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសំពៅលូន ខេត្តបាត់ដំបង ។ពលករទាំង៣៨នាក់ក៏ត្រូវបានដោះលែងឱ្យត្រឡប់ទៅស្រុកវិញ ក្រោយពីមានការអប់រំនិងឱ្យធ្វើកិច្ចសន្យាបញ្ឆប់ការឆ្លងដែនខុសច្បាប់តទៅទៀតនោះ៕
ដោយ៖ សំ វិច្ឆិកា