ភ្នំពេញ ៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ២.២៤៣នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកជំទាវ។
លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានមានប្រសាសន៍ថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូបម្រើការ ២.២៤៣នាក់មានសិស្ស-និស្សិតកំពុងសិក្សា ៤២.៤៩៣នាក់ និងមាន ២៤ទីតាំង ក្នុងនោះ ២២ទីតាំងជាសាលា (១៩ទីតាំងកំពុងដំណើរការ ៣ទីតាំងកំពុងសាងសង់) និង២ទីតាំងជាសាកលវិទ្យាល័យ។ លោកបានបន្ថែមថា ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ០៣ធំៗដូចជា៖ I. ប៊ែលធីសំណង់ II. ប៊ែលធីទេសចរណ៍ និងIII. ប៊ែលធីអប់រំ ហើយក្នុងឆ្នាំ២០១៨នេះ ប៊ែលធី សម្រេចបាននូវសមិទ្ធផលដូចជា៖
I. ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី១៩ និងកំពុងសាងសង់អគារប៊ែលធីទី២០ ទី២១ និងទី២២។
II. ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរណ៍ ៧.៧៨៩នាក់ ក្នុងនោះ ក្នុងប្រទេស ៧.១២៦នាក់ និងក្រៅប្រទេស ៦៦៣នាក់ ព្រមទាំងមានរថយន្តទំនើបៗ ០៨គ្រឿងសម្រាប់ដឹកភ្ញៀវផងដែរ។
III.សាលា ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ២២.០៥៥នាក់ ក្នុងនោះបានចែកចេញជា៖
- សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ៩.៧៥១នាក់ ជាប់៨.៣១២នាក់ ស្មើ ៨៥,២៤% និង និទ្ទេសA ចំនួន ៩៤នាក់
- សិស្សភាសាអង់គ្លេសកម្រិតទី១២ (Level 12) ចំនួន៦.១៥១នាក់
- សិស្សវគ្គខ្លីកុំព្យូទ័រ ចំនួន៨.៤២៧នាក់
- សិស្សប្រឡងតេស្តអន្តរជាតិ ចំនួន ៧២៧នាក់
សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៤ឆ្នាំចុងក្រោយនេះ៖
១-ឆ្នាំ២០១៨នេះសិស្ស ប៉េង គឹមហេងប្រឡងជាប់ និទ្ទេស A លេខ២ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩
២-ឆ្នាំ២០១៧ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០
៣-ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០
៤-ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩
សិស្សពូកែថ្នាក់ទី៩ និងទី១២ មាន ៦៦នាក់ ក្នុងនោះ ទូទាំងប្រទេស ២២នាក់ និងទូទាំងរាជធានី ៤៤នាក់
IV.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សា ១.៦៩៣នាក់ ក្នុងនោះថ្នាក់គរុកោសល្យ ៣៧១នាក់ ថ្នាក់បរិញ្ញាបត្រ ១.១៤៧នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៧៥នាក់។
V.ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន ៨៥២នាក់ក្នុងនោះ សិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ១០៤នាក់ សិស្ស-និស្សិតបង់ថ្លៃ៤១នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា ៧០៧នាក់។
ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩
ឆ្នាំ២០១៩នេះ ប៊ែលធីគ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រួមមាន៖
១-ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់តាមរយៈពិពណ៌នាការងារ បទបញ្ជាផ្ទៃក្នុង និងបង្កើនសមត្ថភាពជំនាញ
២-ពង្រឹងវិន័យសិស្ស-និស្សិតគ្រប់ថ្នាក់ និងបង្កើនទំនាក់ទំនងជាមួយ មាតាបិតា អាណាព្យាបាលសិស្ស-និស្សិត
៣-ពង្រីកសាខាសាលា និងសាកលវិទ្យាល័យ ប៊ែលធី ឱ្យបានច្រើនតាមតម្រូវការជាក់ស្តែង
៤-ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកនីមួយៗ តាមរយៈ វគ្គបណ្តុះបណ្តាលខ្លី (On The Job Training)
៥-ពង្រឹងកម្មវិធីសិក្សាផ្នែកចំណេះទូទៅចាប់ពីថ្នាក់ត្រៀម បឋមសិក្សា ដល់ថ្នាក់មធ្យមសិក្សាឱ្យមានគុណភាពខ្ពស់ ដោយសិស្សថ្នាក់ទី១២ ត្រូវប្រឡងជាប់បាក់ឌុបពី ៨៥-៩០% និងទទួលបាននិទ្ទេស A ៥% នៃចំនួនសិស្សប៊ែលធីចូលរួមប្រឡងបាក់ឌុប
៦-ពង្រឹងកម្មវិធីសិក្សាបន្ថែមធំៗ ទាំង ៨ ឱ្យបានខ្ជាប់ខ្ជូន ស្របតាមពាក្យស្លោក “ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្តីនឹងការអនុវត្តជាក់ស្តែង”
៧-បង្កើនកម្មវិធី STEM តាមរយៈ បន្ថែមសម្ភារៈបន្ទប់ពិសោធន៍ កម្មវិធី Technology បន្ទប់សម្ភារៈវិស្វកម្ម និង IMA Program
៨-បន្តបើកថ្នាក់ “គណនាលេខរហ័ស (IMA Program)” ឱ្យបានគ្រប់សាខា ចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ
៩-សិស្សបញ្ចប់ Level 12 ត្រូវរៀនត្រៀម ៤០ម៉ោង ដើម្បីប្រឡងតេស្តអន្តរជាតិឱ្យបានពិន្ទុ IELTS 5.5 ឡើងទៅ និងលើកទឹកចិត្ត សិស្សដែលទទួលបានពិន្ទុIELTS ចាប់ពី 6.5 ដល់ 7.0 ទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ រីឯសិស្សដែលទទួលបានពិន្ទុចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ១០០% ទៅសិក្សានៅក្រៅប្រទេស
១០-សាកលវិទ្យាល័យ បន្តពង្រឹងកម្មវិធីសិក្សាអន្តរជាតិឱ្យបានកាន់តែល្អប្រសើរ និងកម្មវិធីសិក្សាជាភាសាជាតិ បានបន្ថែមថ្នាក់បំប៉នភាសាអង់គ្លេស ៤០ក្រេឌីត និងកុំព្យូទ័រ ១ឆ្នាំ ដោយឥតគិតថ្លៃ និងផ្តល់ឱកាសការងារជូននិស្សិតពូកែ បម្រើការនៅប៊ែលធី
១១-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ នឹងខិតខំពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្រឹះស្ថានអប់រំល្បីៗទូទាំងពិភពលោក ដើម្បីផ្តល់ភាពងាយស្រួល និងទំនុកចិត្តជូនដល់សិស្ស-និស្សិត មាតាបិតា និងអាណាព្យាបាល
១២-ពង្រីកគោលដៅទេសចរណ៍ក្រៅប្រទេសសំខាន់ៗបន្ថែមទៀត តាមតម្រូវការរបស់អតិថិជន
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យនិងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតប្រធានគណៈអធិបតី និងលោកជំទាវ បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប និងប្រគល់ពានរង្វាន់សាខាឆ្នើមពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ៨៧នាក់ នាពេលនោះផងដែរ ៕ ស រស្មី