ខេត្តស្ទឹងត្រែង៖ និស្សិតសាលាពេទ្យភូមិភាគ១ម្នាក់ត្រូវបានចោរឆក់កាបូបបណ្ដាលឲ្យ ដួលរងរបួសធ្ងន់កាលពីវេលាម៉ោ៦និង៣០នាទីព្រលប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចក្រោយវត្តលើ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។
ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះអូន ឈុនគ្រី ភេទស្រី អាយុ២៤ឆ្នាំ ជានិស្សិតពេទ្យមានទីលំនៅក្នុងភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បច្ចុប្បន្នស្នាក់នៅភូមិព្រែក ក្រុងស្ទឹងត្រែង ។
ប្រភពព័ត៍កន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ខណៈជនរងគ្រោះកំពុងជិះម៉ូតូ ស្រាប់តែលេចមុខជនសង្ស័យធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះបណ្ដាលឲ្យ ដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ ហើយត្រូវបានមិត្តភ័ក្ដិដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត។ ជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា បែកក្រដាសត្រចៀកខាងឆ្វេង និងរងរបួសក្បាលផ្នែកខាងឆ្វេង ជាហេតុធ្វើឲ្យនាងមានសភាពរវើរវាយ និយាយមិនចេញ។ បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតក្រោមការព្យាបាលរបស់ក្រុម គ្រូពេទ្យ ។
ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារកន្លងមកករណីឆក់បែបនេះ បានកើតឡើងជាញឹកញាប់ ហើយក្រុមចោរឆក់ទាំងនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាបជាច្រើនលើកច្រើនសារួចមកហើយផងដែរ។ ហេតុដូចនេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ជួយបង្កើនសមត្ថភាពបន្ថែមទៀតដើម្បីសុវត្ថិភាពប្រជាពលរដ្ឋក្នុង ក្រុង-ខេត្តទាំងមូល៕
ដោយ៖ សាវុទ្ធ