ភ្នំពេញ ៖ ដើម្បីអបអរសាទរសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមានឈ្នះ=ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរ នៅលើទឹកដីសុវណ្ណភូមិ ដែលពិធីសម្ពោធនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ នៅពេលរាត្រីចូលមកដល់នឹងមានការអុជកាំជ្រួចជាច្រើនពាន់គ្រាប់ ដែលរៀបចំឡើងដោយក្រុមការងារជំនាញបានត្រៀម កាំជ្រួចប្រភេទកាំជ្រួច 3D មានលក្ខណៈទំនើបប្លែកជាងកំាជ្រួចនានា ដែលបានបាញ់នៅកម្ពុជាកន្លងមក ។ នេះ បើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសចុះត្រួតពិនិត្យការរៀបចំពិធីសម្ពោធវិមានឈ្នះ=ឈ្នះ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ។
យោងតាមកម្មវិធីនៅថ្ងៃទី២៩ ខែធ្នូ ដែលជាថ្ងៃសម្ពោធវិមានឈ្នះ=ឈ្នះ ការអុជកាំជ្រួចប្រភេទ 3D នៅវេលាម៉ោង៧យប់ ក្នុងរយៈពេល៤៥នាទី, នៅថ្ងៃទី៣០ ខែធ្នូ អុជកាំជ្រួចរយៈពេល៣០នាទី និងនៅថ្ងៃទី៣១ ខែធ្នូ នឹងជាថ្ងៃឆ្លងឆ្នាំសកលនៅវេលាម៉ោង១២អាធ្រាត អុជកាំជ្រួចរយៈពេលមួយម៉ោងពេញ ។
សូមចាប់អារម្មណ៍នៅក្នុងទំព័រហ្វេសប៊ុករបស់ម្តេចតេជោបញ្ជាក់ថា វិមានឈ្នះ=ឈ្នះ គឺជាតំណាងនៃការបង្រួប បង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល ។ វិមាន ឈ្នះ=ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យ ពូជសាសន៍ ឈ្នះរួចផុតពីការបែង ចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិ ភាពដ៏យូរអង្វែងនេះតទៅ។
សម្តេចក៏អំពាវនាវ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ=ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថីឈ្នះ=ឈ្នះ ទល់មុខពហុកីឡ ដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ៕ ជាយក្រុង