ភ្នំពេញ ៖ រថយន្ដស៊េរីទំនើបមួួយគ្រឿងបើកគេចពីក្រុមក្មេងស្ទាវ ជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់រ៉ឺម៉កម៉ូតូបានរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០២រំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅជិតក្រសួងបរិស្ថាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានដេញតាមវាយកញ្ចក់រថយន្ដមួយគ្រឿង ម៉ាក ឡិចសុីសES300H ពណ៌ស គ្មានស្លាកលេខបើកបរនឹងរួមដំណើរដោយបុរសបីនាក់ ខណៈបើករថយន្ដមកដល់កន្លែងកើតហេតុបានជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ម្ចាស់រ៉ឺម៉កម៉ូតូបានរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពបានបន្តថា ក្រោយកើតហេតុក្រុមក្មេងស្ទាវទាំងនោះបាននាំគ្នាជិះគេចខ្លួនបាត់អស់ ដោយមិនដឹងថាភាគីទាំង២មានទំនាស់អ្វីនោះទេ ។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ បានទំនាក់ទំនងកម្លាំងជំនាញចរាចរវាស់វែងយករថយន្ដ និងម៉ូតូសណ្តោងរ៉ឺម៉កយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ