ខេត្តឧត្តរមានជ័យ៖ មនុស្សប្រុសស្រីចំនួន ៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុផ្ទុះធុងហ្គាសរថយន្តកាមរីឆ្លាម ក្នុងអំឡុងម៉ោង៣ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយត្រូវបានប្រជាពលរដ្ឋបញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ហើយត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប។
តាមឱ្យដឹងពីសមត្ថកិច្ចករណីផ្ទុះធុងហ្គាស បណ្តាលឱ្យមានប្រជនរងគ្រោះបានរងរបួសធ្ងន់ ចំនួន ៧នាក់ ដែលមានមនុស្សប្រុសស្ត្រី ដែលម្ចាស់រថយន្តឈ្មោះ ដាំ សុផាត អាយុ ៣៤ឆ្នាំនិងប្រពន្ធឈ្មោះ សំ អូន អាយុ៣២ មានទីលំនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកបររថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាក់លេខភ្នំពេញ ២- ៦៦៩៧ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តគ្រោះថ្នាក់ខាងលើ នៅមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងបានបើកបរចូលក្នុងផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិឃុំកើតហេតុ ដែលត្រូវគេដឹងថា ម្ចាស់រថយន្តបានបើកបររថយន្តមកលេងសាច់បងប្អូន។ ដោយនៅពេលបើករថយន្តចូលក្នុងផ្ទះ អ្នករួមដំណើរជាមួយ បានចេញពីក្នុងឡាន ហើយនៅសល់តែអ្នកបើកបររថយន្ត ដោយរួមមានមនុស្សបានរត់ចេញពីក្នុងផ្ទះ ទៅទទួលស្វាគមន៍អ្នកចេញពីក្នុងរថយន្ត ហើយពេលនោះធុងហ្គាសបានផ្ទុះបណ្តាលឱ្យអ្នកនៅក្បែររថយន្តបណ្តាលឱ្យរងរបួសធ្ងន់ចំនួន៧នាក់។
សមត្ថកិច្ចបានឱ្យដឹងថា ករណីផ្ទុះធុងហ្គាសនេះ បណ្តាលមករថយន្តកែច្នៃពីប្រើសាំង មកប្រើហ្គាសវិញ ដែលជាមូលហេតុកែច្នៃខុសបច្ចេកទេស ៕
ដោយ៖ ប៉ែន នួន