ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ផ្សារដើមថ្កូវឃាត់ខ្លួន បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ថាជនខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គេ ។
កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ តាមផ្លូវលេខ២៧១ ក្នុងក្រុមទី ៤៤ ភូមិ០៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយក៏បានគេចខ្លួនបាត់រហូត។ លុះមកដល់រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅផ្ទះជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិ១ ក្រុម២ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ខេង ប៊ុនធន ភេទប្រុស បានឲ្យដឹងថា ខណៈដែលខ្លួនជិះម៉ូតូមកផ្ទះ ពេលមកដល់ចំណុច កើតហេតុត្រង់ផ្លូវលេខ២៧១ ក្នុងក្រុមទី៤៤ ភូមិ០៧ សង្កាត់ផ្សារដើមថ្កូវ បានឈប់ម៉ូតូទីនោះ ហើយបានលើកទូរសព្ទ័និយាយ ពេលកំពុងនិយាយនោះ ស្រាប់តែមានជនសង្ស័យឈ្មោះអ៊ុ ចន្នី ភេទប្រុស អាយុ ២៨ឆ្នាំ បានធ្វើសកម្មភាពឆក់ទូរសព្ទ័បាន រួចគេចខ្លួនបាត់តែម្តង ។
ក្រោយមកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅបុស្ដិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីឲ្យជួយតាមចាប់ខ្លួនជនសង្ស័យ ពេលនោះកម្លាំងនគរបាលបានចេញកម្លាំងតាមស្រាវជ្រាវរកជនសង្ស័យ តែជនសង្ស័យបានរត់គេចខ្លួនបាត់រហូត ទើបសមត្ថកិច្ចបានតាមរកឃើញ។ លុះដល់រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងនគរបាលក៏បានប្រទះឃើញជនសង្ស័យ ហើយក៏ឃាត់ខ្លួននៅនឹងកន្លែងតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវសមត្ថកិច្ចសួរនាំដើម្បីកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជាធានី ដោះស្រាយតាមនិតិវិធី ៕
ដោយ៖ វិបុល