ភ្នំពេញ៖ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុករបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ សម្តេចបានសរសេរថា៖ ថ្ងៃសំរាកចុងសប្តាហ៍នេះ ខ្ញុំវិលទៅរកបញ្ហាទាក់ទងនិងក្រុមគ្រួសារជាបន្តទៀត។ សល់ពេល១ខែទៀតខួប៤០នៃថ្ងៃរៀបការម្តង១៣គូររបស់ខ្ញុំនិងភរិយានឹងមកដល់ (៥មករា១៩៧៦-៥មករា២០១៦) ខ្ញុំនឹងសរសេរលំអិតផ្សាយតាម Facebook នេះនូវរឿងរ៉ាវដែលបានកើតឡើងសំរាប់យុវជន យុវនារី២រូប ដែលប្រឹងត្រដររស់សំរាប់ខ្លួនឯងផង និងរួមចំណែកដើម្បីការរស់រានរបស់ប្រជាជនកម្ពុជាផង។
ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាខ្ញុំបានឆ្លងកាត់គឺពុំគួរឱយជឿថាខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៌ដែលយើងត្រូវតស៊ូផ្ដួលរំលំវាដោយយកជីវិតធ្វើដើមទុនមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មីដែលកូនហៅខ្ញុំថាពូរយះពេល២ខែ សុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសំរាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ តែនេះជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនទូទាំងប្រទេស ។
ទុក្ខស្រីប្តីព្រាត់បានផ្តល់ឱយខ្ញុំនិងភរិយាធ្លាក់មកនូវទឹកភ្នែករាប់លានដំណក់ តែទឹកភ្នែកនេះក៏នាំមកនូវការរស់រានមានជីវិតសំរាប់ប្រជាជននៅទូទាំងប្រទេសរាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធវ័យក្មេង២នាក់ ពេលនេះយើងមានកូនចៅយ៉ាងច្រើនដែលខ្ញុំសុំបង្ហាញនូវរូបថតអំពីកូនបង្កើត កូនប្រសារ និងចៅៗរបស់ខ្ញុំដែលមានភ្ជាប់មកជាមួយនេះស្រាប់ ដែលក្នុងនោះក៏មានរូបថតខ្ញុំនិងភរិយានៅក្នុងវ័យក្រោម២០ឆ្នាំ ដែលបងប្អូនមួយចំនួនមិនធ្លាប់បានឃើញ ៕