ភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងមានវិបត្តិអ្វីបានដើរមកប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មី ដោយមិនដឹងមូលហេតុអ្វី តែត្រូវកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅនេះឃាត់ទាន់យកចុះមកខាងក្រោម ដើម្បីសួរនាំ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ថុន រ៉ានី អាយុ ៣០ឆ្នាំជាង មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងមានកូនចំនួន ២នាក់។
តាមសំដីរបស់ស្ត្រីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា ដោយសារតែនាងមានវិបត្តិនៅក្នុងគ្រួសារ គឺប្តីក្រោយបានចោតរូបនាងរហូតថា ទៅរកប្តីមុន ទោះបីនាងខំនិយាយបែបណាក៏ដោយ នៅតែប្តីក្រោយមិនជឿរូបនាងរហូត ទើបធ្វើឲ្យរូបនាងមានវិបត្តិបែបនេះ ដោយគិតអ្វីមិនចេញក៏សម្រេចចិត្តដើរមកប៉ងលោតទឹកពីលើកស្ពានជ្រោយចង្វា ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន ខណៈពេលដែលរូបនាងបម្រុងលោតទឹកសម្លាប់ខ្លួននោះ ស្រាប់តែត្រូវបានកម្លាំងសមត្ថកិច្ចដែលនៅក្បែរនោះ ឃាត់ខ្លួនរូបនាងយកចុះមកខាងក្រោម ដើម្បីសួរនាំ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំស្ត្រីរូបនេះ មកកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា សាកសួរ និងទាក់ទងហៅសាច់ញាតិមកទទួលយកទៅផ្ទះវិញ៕ជ្រោយពេជ្រ