ជំនួបរវាងលោកត្រាំ និងគីមជុងអ៊ុន នឹងធ្វើឡើង នៅដើមឆ្នាំ២០១៩នេះ អាចជាចុងខែមករា ឬដើមខែកុម្ភៈខាងមុខ ដូចការប្រកាសរបស់ប្រធានាធិបតី អាមេរិកដូណាលត្រាំ ។ នៅពេលនេះ ការរកទីកន្លែងសមស្របសម្រាប់ជំនួប នៅតែជាសញ្ញាសួន្យនៅឡើយ ដោយមិនទាន់សម្រេច យកទីតាំងនៅក្នុងប្រទេសណានោះឡើយ ។
នៅពេលនេះដែរ មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា ជំនួបលើកទីពីរ រវាងលោកត្រាំនិង គីមជុងអ៊ុន អាចធ្វើឡើងនៅទីក្រុង ហាណូយ ប្រទេសវៀតណាម តែមិនទាន់ដឹងពីពេលវេលាច្បាស់លាស់នៅឡើយទេ ។
ជំនួបពិភាក្សា រវាងប្រធានាធិបតីអាមេរិក លោក ដូណាលត្រាំ អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ក្រោយពេលមេដឹកនាំគីមជុងអ៊ុន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សា ពីជំហានបន្ត សម្រាប់ជំនួបជាមួយប្រធានាធិបតីអាមេរិក លើកទីពីរ ។
នៅក្នុងជំនួបលោកទី១ កាលពីខែមិថុនាឆ្នាំ២០១៨ បានធ្វើឡើងនៅក្នុងប្រទេសសឹង្ហបុរី ដោយមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នា លើចំណុចជាច្រើន ក្នុងនោះ មេដឹកនាំគីម ជុងអ៊ុន បានយល់ព្រមរំសាយអាវុធបរមាណូ ដើម្បីដោះដូនៅការធានាសន្តិសុខពីអាមេរិក និងការលុបទណ្ឌកម្ម។
ប៉ុន្តែក្រោយជំនួបនោះ ភាគីទាំងពីរស្ថិតនៅក្នុងការជាប់គាំង ដោយមិនមានភាពរីកចំរើន ឬអនុវត្តទៅតាមការសម្រេចនៅក្នុងកិច្ចប្រជុំលើកមុន ។ភាគីទាំងពីរចេះតែចំាមើល ក្នុងការស្ទាប់ស្ទងគ្នានៅឡើយ ។
នៅក្នុងជំនួបលើកទីពីរនេះ អាចនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម ដោយកន្លងមក មន្ត្រីជាន់ខ្ពស់អាមេរិក បានជួបជាមួយមន្ត្រីកូរ៉េខាងជើង នៅទីក្រុង ហាណូយ ដើម្បីពិភាក្សាលើគម្រោងរៀបចំជំនួបលើកទីពីរ ។ លោក Mark Lambert មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេសអាមេរិកបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីខែធ្នូ ហើយដំណើរទស្សនកិច្ចនោះត្រូវបានគេ ចាត់ទុកថា ជាការត្រៀមលក្ខណះ រៀបចំជំនួប ។
កន្លងមកលោកត្រាំ លោក លើកឡើងពីគម្រោង ជំនួបលើកទីពីរជាមួយមេដឹកនាំគីមជុងអ៊ុន ប៉ុន្តែ មិនបញ្ជាក់ថា នៅទីណា ឬពេលវេលាណានោះឡើយ។ កន្លងមក មានទីតាំង៣ ដែលបានពិភាក្សាក្នុងនោះមាន សឹង្ហបុរី ម៉ុងហ្គោលី និងស្វីស ។ ប៉ុន្តែក្រោយមក មានព័ត៌មានផ្សាយថាជំនួបលើកទីពីរ អាចនឹងធ្វើឡើងនៅទីក្រុង ហាណូយប្រទេសវៀតណាម ៕
ដោយ៖ មែវ សាធី