ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថៃ្ងពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរណែនាំ ស្តីពីការផ្តល់លិខិតឆ្លងដែនការទូត ដោយតម្រូវឲ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវទទួលបន្ទុកអនុវត្តឲ្យមានប្រសិទ្ធិភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ការណែនាំរបស់នាយករដ្ឋមន្ត្រី ក្រោយរាជរដ្ឋាភិបាលសង្កេតឃើញថា ឥស្សរជន និងក្រសួង ស្ថាប័នមួយចំនួន បានតែងតាំងបុគ្គលដែលជាពលរដ្ឋបរទេសឲ្យធ្វើជាទីប្រឹក្សា និងជំនួយការ ។ ក្នុងចំណោមបុគ្គលទាំងនោះ មានខ្លះបានចូលសញ្ជាតិខ្មែរ និងបានដាក់ពាក្យសុំប្រើប្រាស់លិខិតឆ្លងដែនការទូតនៃព្រះរាជាណាចក្រកម្ពុជា ។
រាជរដ្ឋាភិបាលសង្កេតឃើញទៀតថា ចំពោះឥស្សរជន និងក្រសួង ស្ថាប័នមួយចំនួនខាងលើនេះ មិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែនការទូតក្នុងករណីបែបនេះ និងដើម្បីទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូតមិនត្រឹមត្រូវទៅតាមបេសកម្ម ស្របតាមអនុក្រឹត្យលេខ២០២ អនក្រ.បក.ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការផ្តល់និងការប្រើប្រាស់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ រាជរដ្ឋាភិបាលសម្រេចធ្វើការណែនាំបន្ថែម អំពីបែបបទនៃការផ្តល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូតដូចក្រោម ៖
១-លិខិតឆ្លងដែនការទូត នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវផ្តល់ជូនទីប្រឹក្សា ឬជំនួយការ ដែលគ្មានសញ្ជាតិខ្មែរ ពីកំណើតរបស់ឥស្សរជនជាន់ខ្ពស់ ឬរបស់ក្រសួង ស្ថាប័ននានាឡើយ លើកលែងតែក្នុងករណីដែលរាជរដ្ឋាភិ បាលយល់ថាចាំបាច់បំផុត ។
២-រាល់ក្រសួង ស្ថាប័ន មានភារកិច្ចប្រមូលលិខិតឆ្លងដែនការទូត ដែលក្រសួង ស្ថាប័ននោះបានស្នើសុំជូន ទីប្រឹក្សា និងជំនួយការរបស់ខ្លួន ដែលពុំមានសញ្ជាតិខ្មែរពីកំណើត ហើយប្រគល់លិខិតឆ្លងដែនការទូតទាំងនោះ ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនឲ្យហួសពីរយៈពេល១ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខា លើសារាចរនេះ ។
៣-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ចពិនិត្យ ធ្វើមោឃភាពលិខិតឆ្លងដែនការទូត ដែលកន្លងមកត្រូវបានផ្តល់ជូនបុគ្គល ដែលគ្មានសញ្ជាតិខ្មែរពីកំណើត ។
៤-ក្រសួងមហាផ្ទៃ មានភារកិច្ច សហការទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូតទាំងនោះ សម្រាប់ការ ចេញ-ចូលនៅតាមច្រកទ្វារព្រំដែននានានៃព្រះរាជាណាចក្រកម្ពុជា ទៅតាមការស្នើសុំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕ ជាយក្រុង